Honda ធ្វើ​ឲ្យ​ក្រុម​ទីម័រ​ខក​ចិត្ត មុន​ជំនួប​មិត្ត​ភាព​អន្ដរ​ជាតិ​ស្អែក​នេះ

- Advertisement -

(ភ្នំពេញ)៖ លោក Norio Tsukitate គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត បានសម្ដែងពីការខកចិត្តរបស់កូនក្រុម ក្រោយទទួលបានដំណឹងលោក Keisuke Honda ត្រូវអវត្តមានពីការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្ដរជាតិ លើទីលានពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Norio Tsukitate បានលើកឡើងថា ក្រុមជម្រើសជាតិកម្ពុជា នឹងបង្ហាញនូវទម្រង់លេងមួយល្អជាងមុន ព្រោះមានគ្រូបង្វឹកល្អ ដែលជាកីឡាករដ៏ល្បីលំដាប់ពិភពលោក គឺលោក Keisuke Honda ប៉ុន្ដែក្រុមជម្រើសជាតិទីម័រ ពិតជាមានការសោកស្ដាយ ក្រោយទទួលបានដំណឹងលោក Honda ត្រូវអវត្តមានពីការប្រកួតនេះ។

លោកនិយាយថា «ការប្រកួតនេះ ក្រុមការងារទាំងអស់ ទាំងកីឡាករផង គឺរំពឹងនឹងបានថតរូបអនុស្សាវរីយ៍ជាមួយលោក Keisuke Honda តែបើតាមព័ត៌មានលោក Honda អត់បានមកចូលរួមការប្រកួតនេះទេ ហើយកីឡាករខ្ញុំ ក៏មិនសូវសប្បាយចិត្តដែរ ព្រោះការអវត្តមានរបស់លោក Honda។ យ៉ាងណាមិញ ខ្ញុំមិនឃើញទម្រង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជា មានការផ្លាស់ប្ដូរច្រើន ដូច្នេះការប្រកួតថ្ងៃស្អែក នឹងក្លាយជាការប្រកួតដ៏តានតឹង»

គួរបញ្ជាក់ថា ការប្រកួតមិត្តភាពអន្ដរជាតិខាងលើនឹងចាប់ផ្ដើមនាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី១២ ខែតុលាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ។ ប៉ុន្ដែបើតាមការបញ្ជាក់បន្ថែមរបស់លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា សម្រាប់ជំនួបមិត្តភាពអន្ដរជាតិនេះ ១០០% គឺលោក Honda មិនបានចូលរួមនោះទេ ដោយសារអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ ជាប់ភារកិច្ចជាមួយក្លឹបនៅអូស្ដ្រាលី តែមុនការប្រកួតចាប់ផ្ដើម លោក  Honda ក៏បានបង្ហាត់កីឡាករតាមរយៈវីដេអូអនឡាញផងដែរ៕

Image may contain: 3 people, indoor

Image may contain: 3 people, people sitting and indoor

Image may contain: 4 people, screen and indoor

You might also like More from author