អ្នកចាត់ការ​ក្លឹបអង្គរ​ថាយហ្គឺរ៖ ពាន CNCC Award គឺបុគ្គលិក និងអ្នកគាំទ្រ​ផ្ដល់ឲ្យយើង

- Advertisement -

(ភ្នំពេញ)៖ អ្នកចាត់ការក្រុមអង្គរថាយហ្គឺរ លោក Yusuke Shinoda បានថ្លែងថា ក្លឹបទទួលបានពានរង្វាន់ពីកម្មវិធី ពានរង្វាន់បាល់ទាត់កម្ពុជា ដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សហការ ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ពាន CNCC Award បានផ្តល់ដល់ក្លឹបអង្គរថាយហ្គឺរ កាលខែវិច្ឆិកា ក្នុងនាមក្លឹបមានទស្សនិកជនចូលរួមទស្សនា ច្រើនជាងគេក្នុង ១រដូវកាលឆ្នាំ២០១៨ កន្លងទៅ គឺបានមកពីការខិតខំប្រឹងប្រែងរបស់បុគ្គលិក ជួរមុខរបស់ ពួកយើង និង អ្នកគាំទ្ររបស់យើងនៅខេត្តសៀមរាប។

អ្វីដែលសំខាន់ផងនោះ ក្លឹបអង្គរថាយហ្គឺរដែលគ្រប់គ្រងដោយជនជាតិជប៉ុនមួយនេះ ទទួលការចាប់អារម្មណ៍ ចូលរួមទស្សនាច្រើនជាងគេចំនួន ១៧៧៥២នាក់ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៨ កន្លងទៅផងដែរ។

បន្ថែមលើនេះ អ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះបានបន្តថា លោកមានមោទនភាពចំពោះការលើកទឹកចិត្តពេញ មួយរដូវកាលពីសំណាក់អ្នកគាំទ្រ ហើយលោកអរគុណអស់ពីដួងចិត្តដែលរួមចំណែកធ្វើឲ្យបាល់ទាត់ ខេត្តសៀមរាបដើរទៅមុខ។ លោកបញ្ជាក់ថា បើគ្មានការគាំទ្រទេ នោះបាល់ទាត់កម្ពុជាមិនដើរទៅមុខឡើយ ដូច្នេះនេះជាកម្លាំងចិត្តដ៏សំខាន់សម្រាប់បុគ្គលិក និងកីឡាករទាំងអស់។ ពាន CNCC Award សម្រាប់ឆ្នាំ២០១៨ នេះ គឺជាសក្ខីភាព ដែលបង្ហាញថា អ្នកគាំទ្រ និងក្លឹបសម្រេចបានក្ដីសុបិន្តមួយ ហើយត្រូវបន្ដក្ដីស្រមៃ ការលើកទឹកចិត្ត និង ក្ដីសង្ឃឹមរួមគ្នាជាបន្តទៀតដើម្បីឲ្យបាល់ទាត់នៅខេត្តសៀមរាបរីកចម្រើន។

សូមបញ្ជាក់ថា នៅរដូវកាលឆ្នាំ២០១៨ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Oriol Mohedano ធ្វើឲ្យមានភាពភ្ញាក់ផ្អើលខ្លាំងនៅពានរង្វាន់សម្ដេច ហ៊ុន សែន ដោយអាចទម្លាក់ភ្នំពេញក្រោន ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

You might also like More from author