លីគ U15, U17 និង​បាល់ទាត់​នារី បើកការ​ប្រកួតស្អែក ដោយមាន ៦៥ក្រុម​ចូលរួម

- Advertisement -

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកយុវជនក្រោមអាយុ ១៥ឆ្នាំ/១៧ឆ្នាំ (U15-U17) និងបាល់ទាត់នារី ឆ្នាំ២០១៨ នឹងត្រូវរៀបចំពិធីបើកការប្រកួតផ្លូវការនារសៀលថ្ងៃទី០៨ ខែធ្នូស្អែកនេះ នៅទីលាននៃសាលាតម្រង់ទិសកីឡាបាល់ទាត់ ក្នុងវិទ្យាល័យត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានក្រុមយុវជន និងនារីចូលរួមសរុប ៦៥ក្រុម។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

យោងតាមកម្មវិធីប្រកួតរបស់សហព័ន្ធ ការប្រកួតលីគកម្រិតយុវជន និងបាល់ទាត់នារីនេះ គ្រោងចាប់ផ្ដើមពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដោយបែងចែកការប្រកួតជា ៤ពានផ្សេងគ្នា បន្ទាប់ពីសហព័ន្ធបន្ថែមពានថ្មីមួយទៀត គឺលីគបាល់ទាត់នារីកម្រិតទី២ (Division 2)។ ចំពោះលីគ U15 មាន ២៥ក្រុមចូលរួម និងបែងចែកជា ៦ពូល ក្នុង១ពូលមាន ៤ក្រុម លើកលែងពូល A មាន ៥ក្រុម ហើយត្រូវប្រកួតសន្សំពិន្ទុ ២ជើង (ក្នុងដី និងក្រៅដី) ដើម្បីរកក្រុមមានពិន្ទុខ្ពស់ជាងគេ ឡើងវគ្គបន្ដ។

ដោយឡែកលីគ U17 ក៏មិនខុសពីលីគយុវជន U15 ដែរ ដោយមាន ២៥ក្រុមចូលរួម បែងចែកជា ៦ពូលក្នុង១ពូលមាន ៤ក្រុម លើកលែងពូល A មាន ៥ក្រុម ហើយអនុវត្ដរូបមន្ដប្រកួតដូចគ្នា។ ចំណែកលីគបាល់ទាត់នារីកម្រិតទី១ (Division 1) មាន ១០ក្រុមចូលរួម បែងចែកជា ២ពូល ក្នុង១ពូលមាន ៥ក្រុម ហើយត្រូវប្រកួតសន្សំពិន្ទុ ២ជើង(ក្នុងដី និងក្រៅដី)។ រីឯលីគបាល់ទាត់នារីកម្រិតទី២ មានត្រឹម ៥ក្រុមចូលរួមប៉ុណ្ណោះ ដោយត្រូវប្រកួតវិលជុំ ២ជើង បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងបានឡើងវគ្គបន្ដ។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែលសហព័ន្ធរៀបចំលីគយុវជននេះឡើង ក្នុងគោលបំណងបំផុសយុវជនចូលរួមលេងកីឡា និងចម្រាញ់រកកីឡាករ-កីឡាការិនីមានសមត្ថភាព ទេពកោសល្យ មកបណ្ដុះបណ្ដាល ដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត។ តាមគម្រោងសម្រាប់កីឡាករមានសមត្ថភាព និងទេពកោសល្យល្អ សហព័ន្ធក៏គ្រោងនឹងផ្ដល់ឱកាស និងជ្រើសរើសពួកគេមកចូលរួមជាមួយសាលាបាល់ទាត់ជាតិបាទី ដែលជាកន្លែងបណ្ដុះបណ្ដាលធំជាងគេរបស់សហព័ន្ធផងដែរ៕

You might also like More from author