កីឡាករ រស់ គង់សំរេច ចូលហ្វឹក​ហាត់វិញ ក្រោយ​របួសពេញ ១រដូវកាល​ក្នុងក្លឹប​ស្វាយរៀង

- Advertisement -

(ភ្នំពេញ)៖ កីឡាករខ្សែការពារ រស់ គង់សំរេច បានវិលចូលទីលានហ្វឹកហាត់វិញហើយ បន្ទាប់ពីជាសះស្បើយពីរបួស ដែលអវត្តមានពេញ ១រដូវកាលឆ្នាំ២០១៨ក្នុងក្លឹបព្រះខ័នរាជស្វាយរៀង។

ក្នុងការវិលចូលទីលានវិញនេះដែរ គង់សំរេច បានប្រាប់ថា ខ្លួនទើបចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមបាន ១០០% ក្រោយខកខានបង្ហាញខ្លួននៅលើទីលាន ១រដូវកាលឆ្នាំ២០១៨។ ខ្សែការពារជម្រើសជាតិកម្ពុជារូបនេះ បានបន្ថែមទៀតថា «ក្រោយជាពីរបួសឆ្អឹងស្មងជើងខាងឆ្វេងនេះ ខ្ញុំនឹងខំប្រឹង ដើម្បីដណ្ដើមកៅអីជម្រើសដំបូងមកវិញ និងជាប់ជម្រើសជាតិផងដែរ និងខំប្រឹងឲ្យខ្លាំងក្នុងការជួយក្រុមទទួលលទ្ធផលល្អនារដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខ»

បញ្ហារបួសរបស់ គង់សំរេច បានធ្វើឲ្យរូបគេមិនបានលេងសូម្បី ១ប្រកួតសម្រាប់ព្រះខ័នរាជស្វាយរៀង ពោលរបួស ៦ ខែចប់រដូវកាលល្មម។ ម្យ៉ាងវិញទៀត របួសនេះបានធ្វើឲ្យរូបគេ ខកខានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិទៀតផង។

សូមបញ្ជាក់ផងដែរថា នៅក្លឹបអាជីព រស់ គង់សំរេច បានរួមចំណែកជួយឲ្យស្វាយរៀង ឈ្នះពានសម្ដេច ហ៊ុន សែន ឆ្នាំ ២០១៥ និងឆ្នាំ២០១៧។ គង់សំរេច ដែលជាយុវជនថ្នាលរបស់ព្រះខ័នរាជស្វាយរៀង បានជាប់ជម្រើសជាតិតាំងឈុត U16 ជំនាន់ សារ៉េត គ្រីយ៉ា, ច្រឹង ពលរដ្ឋ, ណុប តុលា និង ហូយ ផល្លីន ក្នុងឆ្នាំ២០១១៕

You might also like More from author