ធារី ចន្ថាប៊ីន៖ ខ្ញុំនឹង​ប្រឹងប្រែង​ធ្វើឲ្យបាន​ល្អជាង​រដូវកាលមុន ទាំងក្នុងក្លឹប និងជម្រើស​ជាតិកម្ពុជា

- Advertisement -

(ភ្នំពេញ)៖ អតីតខ្សែបម្រើក្លឹបភ្នំពេញក្រោន ធារី ចន្ថាប៊ីន បានថ្លែងថា លទ្ធផលខកចិត្តក្នុងពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ ក៏ប៉ះពាល់ដល់អារម្មណ៍ខ្លួនខ្លះដែរ តែក៏សប្បាយចិត្តដែលបានរួមចំណែកជួយក្រុមជម្រើស ជាតិកម្ពុជា និងប្តេជ្ញាធ្វើឲ្យបានល្អជាងនេះ សម្រាប់ការប្រកួតក្រោយៗទៀត។

កីឡាករលេងក្នុងតំណែងបម្រើការពារក្នុងលីគកំពូលម៉ាឡេស៊ី Terenganu FC រូបនេះប្រកបដោយក្តីរីករាយ និងអន្ទះសាររង់ចាំរដូវកាលថ្មីដែលនឹងចូលមកដល់នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ និងបានប្ដេជ្ញាថា ខិតខំប្រឹងប្រែងធ្វើឲ្យបានកាន់តែប្រសើរជាងមុន។

កីឡាករកូនកាត់ខ្មែរ-បារាំងខាងលើបានបញ្ជាក់ថា «ខ្ញុំពិតជាសប្បាយចិត្តក្នុងការជួបជាមួយមិត្តរួម ក្រុមម្ដងទៀត។ ខ្ញុំនឹងប្រឹងប្រែងឲ្យកាន់តែខ្លាំង និងស្វែងរកលទ្ធផលកាន់តែល្អជាងមុនសម្រាប់ Terengganu និងជម្រើសជាតិកម្ពុជា។ ខ្ញុំជឿជាក់ថា យើងអាចធ្វើបាន។ ៨០ភាគរយក្នុងក្រុម គឺជាកីឡាករសល់ពីរដូវកាល មុនដូច្នេះយើងយល់ចិត្តគ្នា និងជឿជាក់លើគ្នា»

សូមបញ្ជាក់ផងដែរថា ថ្មីៗនេះ ធារី ទទួលបានកិច្ចសន្យាថ្មី ១រដូវកាលទៀតនៅក្លឹបម៉ាឡេស៊ី Terengganu ជាទីរូបគេរួមចំណែកជួយក្លឹបនេះបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃពាន Malaysia Cup និង ទទួលបានចំណាត់ ថ្នាក់លេខ៥ នៅក្របខណ្ឌកំពូល Malaysia Super League រដូវកាលឆ្នាំ២០១៨ នេះ។ ធារី ប្រាប់ថា ក្លឹប Terenggnu របស់គេ នឹងចាប់ផ្ដើមហ្វឹកហាត់ត្រៀមរដូវកាលថ្មីនៅថ្ងៃចន្ទ ទី១០ ខែធ្នូខាងមុខ ហើយថា កីឡាករ៨០ភាគរយ គឺជាសមាសភាពសល់ពីរដូវកាលមុន៕

You might also like More from author