តើ​អាច​ជោគជ័យ​នៅ​ភ្នំពេញក្រោន​ឬទេ? លោក Leo ធ្លាប់​ជោគជ័យ​ឆ្នាំ​ដំបូង​នៅ​ក្លឹបឡាវ Lanexang United

(ភ្នំពេញ)៖ ក្រោយខកខានលើកពានលីគកំពូលតាំងពីឆ្នាំ២០១៥ មក ភ្នំពេញក្រោនបានដុតដៃដុតជើងនាំចូលកីឡាករថ្មីៗ ដូចដែលបានដឹងថ្មីៗនេះ ពោលទិញបានអ្នកចាំទីវ័យ ២២ឆ្នាំ សញ្ជាតិប្រេស៊ីល Leonardo Oliveira Tavares ដែលធ្លាប់មានបទពិសោធន៍នៅក្លឹប Flamengo និង Botafogo និងម្នាក់ទៀតគឺខ្សែប្រយុទ្ធ Paulo Victor Costa Soares ដែលធ្លាប់លេងនៅ América-RN និង Nacional Atletico Muriaé នៅប្រទេសប្រេស៊ីលដូចគ្នា។

គ្រូបង្វឹក Leonardo Vitorino ដែលត្រូវបានតែងតាំងកាលខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ កំពុងតែកែខៃក្រុមភ្នំពេញក្រោន ដើម្បីប្រជែងជើងឯកលីគកំពូលកម្ពុជា ជាលើកទី៧ សម្រាប់ក្លឹបនារដូវកាលឆ្នាំ២០១៩ខាងមុខ។ គ្រូបង្វឹកដែលមានបទពិសោធន៍ជោគជាំនៅប្រេស៊ីល ដាក់ចិត្តដាក់កាយដឹកនាំក្រុមមានមូលដ្ឋាននៅភ្នំពេញ ឲ្យជោគជ័យនារដូវកាលដំបូងដូចកាលចូលដឹកនាំ Lanexang United ឆ្នាំ២០១៦ អីចឹងដែរ។

គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបានបញ្ជាក់ថាទៀតថា លោកនឹងនាំកីឡាករបទេស និងកីឡាករអាស៊ីម្នាក់ទៀត ក្រោយចុះហត្ថលេខានាំយកកីឡាករសញ្ជាតិប្រេស៊ីល ២នាក់ខាងលើ។ គ្រូបង្វឹកដែលកាន់សញ្ញាប័ត្របាល់ទាត់កម្រិត UEFA Pro License រូបនេះរំពឹងថា នឹងជួយក្រុមលើកពានលីគកំពូលកម្ពុជា ដូចដែលលោកចូលកាន់តំណែង Lanexang United រដូវកាលដំបូងអីចឹងនៅទឹកដីឡាវ។

សូមបញ្ជាក់ថា លោកដឹកនាំ Lanexang ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship ឆ្នាំ២០១៦ ទៀតផង តែចាញ់ Buriram United។ ក្រោយមកក្លឹប Lanexang United ត្រូវបានដកខ្លួនចេញពីការប្រកួតនៅឆ្នាំ២០១៧។ មុនចូលកាន់ជម្រើសជាតិឆ្នាំ២០១៧ គ្រូបង្វឹក Leonardo ដឹកនាំ Lanexang United លើកពាន Lao Premier League និងទទួលកៅអីទៅលេង AFC Cup លើកដំបូងទៀតផង៕

You might also like More from author