ម៉ូតូទឹកត្រៀម​ប្រកួត​អបអរបុណ្យ​សមុទ្រជាស្រេច អមដោយ​ប្រាក់រង្វាន់ ៥,០០០ដុល្លារ

ភ្នំពេញ៖ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានប្រកាសត្រៀមខ្លួនហើយជាស្រេច ក្នុងការរៀបចំកម្មវិធីប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ នៅខេត្តកោះកុង នាចុងសប្ដាហ៍នេះ។ មិនតែប៉ុណ្ណោះ សហព័ន្ធក៏បានត្រៀមប្រាក់រង្វាន់សរុប ២០លានរៀល ឬប្រមាណ ៥ពាន់ដុល្លារ ដើម្បីលើកទឹកចិត្តដល់កីឡាករជ័យលាភីទៀតផង។

បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានប្រកាសថា ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៧ ដែលគ្រោងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូខាងមុខ សហព័ន្ធបានត្រៀមរៀបចំការប្រកួតលក្ខណៈអន្ដរជាតិមួយ ដោយមានការចូលរួមពីកីឡាករជើងខ្លាំង មកពី ៤ប្រទេសចូលរួម ដូចជាថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះកម្ពុជា។

ពិសេសក្នុងឱកាសនោះ នឹងមានការចូលរួមពីវីរកីឡាករឆ្នើមកម្ពុជា សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games 2018 និងម្ចាស់មេដាយមាសមកពីថៃ និងម៉ាឡេស៊ី ក៏ដូចជាកីឡាករអាជីព និងកីឡាករស្ម័គ្រចិត្តជាច្រើនផងដែរ។ ប៉ុន្ដែដើម្បីលើកទឹកចិត្ត ចំពោះការចំណាយពេលវេលាចូលរួម និងការខិតខំប្រកួតប្រជែងលើផ្ទៃទឹក សហព័ន្ធក៏បានរៀបចំប្រាក់រង្វាន់សម្រាប់លើកទឹកចិត្តអ្នកដណ្ដើមបានជ័យលាភីនូវទឹកប្រាក់រង្វាន់ ២០លានរៀលផងដែរ។

គួរបញ្ជាក់ថា គ្រប់ប្រភេទកីឡា ដែលត្រូវរៀបចំក្នុងឱកាសបុណ្យសមុទ្រលើកនេះ គឺជាបន្ទុករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការប្រកួត និងសម្ដែងជូនភ្ញៀវជាតិ-អន្ដរជាតិទស្សនាកម្សាន្ដ។ ជាក់ស្ដែងក្រៅពីកីឡាម៉ូតូទឹក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានត្រៀមកីឡា ១០ប្រភេទផ្សេងទៀតដែរ រួមមានកីឡារត់កម្សាន្ដ, ជិះកង់កម្សាន្ដ, ទ្រីយ៉ាត្លុង, អុកចត្រង្គ, ប្រដាល់គុនខ្មែរ, ទូកក្ដោង, ថាសហោះ, កីឡាម៉ូតូធំ មានការចូលរួមពីមហាជនថៃ, កីឡាសីស្លាប និងកីឡារាំអន្ដរជាតិជាដើម៕

You might also like More from author