Honda ឈ្នះពានរង្វាន់​កីឡាករ​លេងល្អ ប្រចាំខែវិច្ឆិកា នៅក្របខណ្ឌ A-League របស់អូស្រ្តាលី

(មែលបឺន)៖ អ្នកចាត់ការទូទៅក្នុងក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានចាប់ផ្តើម រដូវកាលដ៏ល្អជាមួយក្លឹប បាល់ទាត់ Melbourne Victory FC នៅក្របខណ្ឌ A-League នៃលីគកំពូលអូស្រ្តាលី ដោយក្រសោបបានពានកីឡាករលេងល្អបំផុត Player of the Month ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។

អតីតកីឡាករជម្រើសជាតិជប៉ុន Honda ទើបតែបង្ហាញខ្លួនបាន ៦ប្រកួតប៉ុណ្ណោះ រកបានដល់ទៅ៤គ្រាប់ ខណៈភាពជោគជ័យនេះដែរ បានជួយឲ្យលោកជាប់ឆ្នោតជាកីឡាករលេងល្អបំផុតនៅប្រទេសបាល់ទាត់ ទំនើបមួយនេះក្នុងទ្វីបអាស៊ី។

Honda មានការងារទ្វេដង អំឡុងពេលចូលលេងឲ្យក្រុមអូស្ត្រាលី ដោយត្រូវចែកពេលវេលាមួយ ផ្នែកមកដឹកនាំក្រុម ជម្រើសជាតិកម្ពុជា ប៉ុន្តែយ៉ាងណាក្តី លោកនៅតែព្យាយាមហ្វឹកហាត់ខ្លួនឯង និងរក្សាទម្រង់លេងស្ទើរឥតខ្ចោះឲ្យក្រុម Melbourne ទៀតផង។

បច្ចប្បន្នក្របខណ្ឌ A-League ក្រុមរបស់ Keisuke Honda កំពុងឈរលេខ២ មាន១៥ពិន្ទុ ក្រោយប្រកួតឈ្នះ៥ និងចាញ់២ តាមពីក្រោយក្រុមកំពូលតារាង Perth Glory ចំនួន ២ពិន្ទុ៕

You might also like More from author