វិសាខា លត់ RSU FC ៥-០ ក្នុង​ជំនួប​មិត្តភាព​នៅ​​ប្រទេស​ថៃ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា បានបន្ដកំណត់ត្រាឈ្នះក្នុងកម្មវិធី Pre-Season Tour របស់ខ្លួន នៅទឹកដីថៃទៀតហើយ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះ RSU FC (Rangsit University Football Club) ជាមួយលទ្ធផល ៥-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិនៅកីឡដ្ឋាន Rangsit University នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

ការប្រកួតនេះ ក្រុមបាល់ទាត់វិសាខារបស់កម្ពុជា បានដាក់សម្ពាធខ្លាំងលើគូប្រជែង ដ្បិតជាការប្រកួតក្រៅដីក្ដី។ ចំពោះគ្រាប់បាល់ជ័យជម្នះ គឺធ្វើបានសម្រេចដោយកីឡាករ ទិត្យ ឌីណា ២គ្រាប់ម្នាក់ឯង ខណៈកីឡាករ ម៉ាត់ សាក់រ៉វី, សាន បូរ៉ា និងកីឡាករ ទូច គឹមឆាយ រកបានម្នាក់ ១គ្រាប់ទៀត ដើម្បីយកឈ្នះក្រុមប្រចាំសាកលវិទ្យាល័យ Rangsit University នេះ ៥-០។

ក្រោយចប់ការប្រកួតកីឡា សាន គឹមហេង បានបញ្ជាក់ថា ការប្រកួតនេះ ហាក់ងាយស្រួល បើធៀបកាលពីជួបក្រុមចាស់របស់ ចាន់ វឌ្ឍនាកា គឺក្រុម Pahang FA តែក៏មិនងាយស្រួលក្នុងការយកឈ្នះដែរ ដោយសារគុណភាពកីឡាករម្នាក់ៗ មិនលើសខ្វះគ្នានោះទេ។ យ៉ាងណាមិញ គឹមហេង បានសម្ដែងការសប្បាយចិត្ត បន្ទាប់ពីឃើញមិត្តរួមក្រុមសហការគ្នាបានល្អ រហូតទទួលបានជ័យជម្នះជាថ្មី។

គួរបញ្ជាក់ថា នេះគឺជាជ័យជម្នះលើកទី២ របស់ក្រុមវិសាខា បន្ទាប់ពីបោះជំរុំហ្វឹកហាត់បាន ៤ថ្ងៃ នៅទីក្រុងបាងកក គ្រាដែលប្រកួតទី១ បានយកឈ្នះក្រុមជើងខ្លាំងម៉ាឡេស៊ី Pahang FA ដោយលទ្ធផល ៣-១ កាលពីពេលថ្មីៗ ហើយពួកគេ ក៏នឹងមានការប្រកួតជាបន្ដបន្ទាប់ទៀត មុនត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមករាខាងមុខវិញដែរ៕

You might also like More from author