កីឡករ លឹម ពិសុទ្ធ៖ បច្ចេក​​​​​ទេស​មាន​ស្រាប់ ខណៈ​ត្រូវ​ពង្រឹង​កម្លាំង និង​កាយ​សម្បទា​ប៉ុណ្ណោះ

(ភ្នំពេញ)៖ យុវជនវ័យ១៨ឆ្នាំ លឹម ពិសុទ្ធ បានបញ្ជាក់ថា គ្រូបង្វឹកទទួលស្គាល់ចំពោះបច្ចេកទេសរបស់គេ តែអ្វី សំខាន់នោះ ត្រូវផ្ដោតសម្រួចចំណុចទាំងពីរខាងលើឲ្យកាន់តែប្រសើរថែមទៀត ជាពិសេសផ្នែកកាយសម្បទា និងកម្លាំងឲ្យកាន់តែរឹងមាំ ដើម្បីក្រសោបឱកាសចូលលេងក្រុមធំនៅរដូវកាលថ្មីឆ្នាំ២០១៩ ដែលនឹងចូលមកដល់ នៅខែមីនា។

កីឡាករខ្សែប្រយុទ្ធវ័យក្មេងរូបនេះធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម១៤ឆ្នាំ ហើយបច្ចុប្បន្នជាអ្នកទាត់ចូលច្រើន ជាងគេក្នុងពានរង្វាន់ឯកជនមួយផងដែរឲ្យក្លឹបភ្នំពេញក្រោន។

គួរដឹងដែរថា លឹម ពិសុទ្ធ បានពន្យល់ថា «សម្រាប់ខ្ញុំ ខ្ញុំសង្ឃឹមថា មានឱកាសលេងក្រុមធំ ព្រោះគ្រូបង្វឹក Leonardo ចង់ឲ្យខ្ញុំហាត់នៅក្រុមធំជាងក្រុម U17។ រាល់ថ្ងៃខ្ញុំប្រឹងខ្លាំង ហើយគ្រូឲ្យខ្ញុំខំពង្រឹងកម្លាំង និងកាយសម្បទា ព្រោះគ្រូថា បច្ចេកទេសខ្ញុំមានហើយ តែនៅខ្សោយផ្នែកកម្លាំង និងកាយសម្បទា»

ខ្សែប្រយុទ្ធដែលត្រូវជាក្មួយប្រុសរបស់កីឡាករ រស់ សំអឿន បានឈានជើងចូលភ្នំពេញក្រោនដំបូងក្នុងនាមជា យុវជនសហគមន៍នៅឆ្នាំ២០១០ និងមានឱកាសចូលក្រុមធំ នៅរដូវកាលឆ្នាំ២០១៨៕

You might also like More from author