ប្រដាល់​សកល​កម្ពុជា-ជប៉ុន ចាប់​ដៃ​គ្នា​អភិវឌ្ឍន៍ និង​ផ្លាស់​ប្ដូរ​បទពិសោធន៍រយៈពេល​វែង

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានធ្វើការចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្លឹប កីឡា ប្រដាល់សកលជប៉ុនដ៏ធំមួយ គឺក្លឹប Motohashi Boxing Gym ដើម្បីធ្វើការអភិវឌ្ឍន៍ និងផ្លាស់ប្ដូរបទ ពិសោធន៍គ្នា។ ពិធីចុះ MOU នេះ បានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាល ពីថ្ងៃ ទី១០ ខែកុម្ភៈម្សិលមិញ ដោយមានការចូលរួមធ្វើជាសាក្សីពីលោក Yumi Susuki លេខាទី១ នៃស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា។

លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានថ្លែងថា កិច្ចសហប្រតិបត្តិការ នេះ មានរយៈពេល ៥ឆ្នាំ ហើយវាជាផលវិជ្ជមានមួយក្នុងកិច្ចអភិវឌ្ឍន៍កីឡាប្រដាល់សកលកម្ពុជា ស្របពេល កម្ពុជា កំពុងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ ដូច្នេះក្រោយចុះ MOU ជាមួយគ្នា សហព័ន្ធនឹងរៀបចំគម្រោងបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅជប៉ុន ក្នុងពេលឆាប់ៗខាងមុខ ដើម្បី ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីននាចុងឆ្នាំ២០១៩ខាងមុខផងដែរ។

ទន្ទឹមជាមួយគ្នា លោក Motohashi Yukiharu ប្រធានក្លឹប Motohash iBoxing Gym ក៏បានសម្ដែងនូវការពេញចិត្ត និងរីករាយ ចំពោះការចាប់ដៃសហការជាមួយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដោយសារលោកសម្លឹង ធនធាន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ហើយលោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការចុះ MOU នេះ នឹងធ្វើឲ្យភាគីទាំងពីរ មានឱកាសអភិវឌ្ឍន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ពិសេសគឺលោកចង់រួមចំណែកជា មួយកម្ពុជា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ តែម្ដង។

គួរបញ្ជាក់ថា បន្ទាប់ពីចុះ MOU ចងសម្ព័ន្ធភាពជាមួយគ្នា ក្លឹប Motohashi Boxing Gym ក៏បានផ្ដល់ប្រាក់ឧបត្ថម្ភ ២,០០០ដុល្លារ សម្រាប់ជួសជុលសង្វៀនហ្វឹកហាត់ រួមទាំងសម្ភារៈហ្វឹកហាត់មួយចំនួនធំដល់សហព័ន្ធ កីឡា ប្រដាល់សកលកម្ពុជាផងដែរ៕

You might also like More from author