វិសាខា ប៉ះ​បឹងកេត ក្នុង​មិត្តភាព តែ​ស៊ុត​គ្នា​ដូច​ព្យុះ!

(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា និងក្រុមបឹងកេតអែហ្វស៊ី បានធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំង ក្នុងជំនួបមិត្ត ភាពកាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីក្រុមខ្លាំងទាំងពីរ ព្យាយាមស៊ុតស្ទើរកក្រើកកីឡដ្ឋានវិសាខា ប្រៀបបាន ការប្រកួតផ្លូវការ ខណៈលទ្ធផលក្រោយចប់ការប្រកួតពេញម៉ោង បានត្រឹមស្មើគ្នា ៤-៤។

ថ្វីដ្បិតជាការប្រកួតមិត្តភាព និងមានការតេស្ដសមត្ថភាពកីឡាករថ្មីៗមួយចំនួនក្ដី តែក្រុមទាំងពីរ បានបង្ហាញ ទម្រង់លេងល្អរៀងៗខ្លួន ហើយថែមទាំងព្យាយាមដាក់សម្ពាធលើគ្នាទៅវិញទៅមកពេញ ៩០នាទី។ សម្រាប់ ៤៥នាទីដំបូង ក្រុមទាំងពីរ បានស៊ុតបំប៉ោងសំណាញ់ទីគ្នា ១គ្រាប់ម្នាក់។ លុះចូលតង់ទី២ ពួកគេបានបន្ថែម ៣គ្រាប់ម្នាក់ទៀត ធ្វើឲ្យចប់ការប្រកួតត្រឹមលទ្ធផលស្មើគ្នា ៤-៤។

បន្ទាប់ពីចប់ការប្រកួត លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេតបានបង្ហាញសុទិដ្ឋិនិយមមួយចំនួន ចំពោះការ ប្រកួតមិត្តភាពនេះ ក៏ដូចជាការព្យាយាមធ្វើបានយ៉ាងល្អរបស់កូនក្រុមផងដែរ។ លោកថា ការប្រកួតនេះ ដ្បិត លោកប្រើកីឡាករវ័យក្មេងច្រើន តែពួកគេធ្វើបានយ៉ាងល្អតាមការចង់បានរបស់លោក ពិសេសគឺការសហការ គ្នាលេងជាក្រុមបានល្អ ទោះបីមានចំណុចខ្វះខាតបន្ដិចបន្ទួចនៅតំបន់ការពារក៏ដោយ។

យ៉ាងណាមិញមុនរដូវកាលថ្មីមកដល់ ក្រុមបឹងកេត ក៏ដូចជាវិសាខា សុទ្ធតែបង្ហើបនូវគម្រោងណាត់ក្រុម ជាច្រើនទៀត ដើម្បីប្រកួតមិត្តភាព និងពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរ ដើម្បីត្រៀមការប្រកួតក្របខណ្ឌលីគ កំពូលកម្ពុជា ឆ្នាំ២០១៩ ដែលគ្រោងចាប់ផ្ដើមការប្រកួតនាពាក់កណ្ដាលខែមីនាខាងមុខ៕

You might also like More from author