ណាហ្គាវើល រក​បាន​កីឡាករ​វ័យក្មេង​១០នាក់ ពីការ​ប្រកួត​យុវជន​នៅ​ខេត្ត​កំពង់ស្ពឺ

(ភ្នំពេញ)៖ គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា ណាហ្គាវើលបានឲ្យដឹងថា យុវជនទាំង១០នាក់នោះ នឹងចូល រួមហ្វឹកហាត់ជាមួយក្រុមធំណាហ្គាវើលចំនួន ២សប្ដាហ៍ ហើយប្រសិនបើនរណាអាចបង្ហាញសមត្ថភាពល្អ នឹងមានឱកាសទៅហ្វឹកហាត់នៅប្រទេសថៃថែមទៀត។

លោក មាស ចាន់ណា គ្រូបង្គោលក្លឹបណាហ្គាវើលបានថ្លែងថា កីឡាករវ័យក្មេងចំនួន១០រូបត្រូវបានចម្រាញ់ ចេញពីការប្រកួតយុវជនអាយុក្រោម១៨ឆ្នាំ នៅខេត្តកំពង់ស្ពឺ ដែលជាគម្រោងរបស់កម្មវិធីណាហ្គាវើលបេះដូង សប្បុរសធម៌។

ចំណែកពិធីប្រគល់រង្វាន់ដល់ម្ចាស់ជយលាភីបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, លោក Phen Chen នាយកគ្រប់គ្រងណាហ្គាវើល, លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។

គួរបញ្ជាក់ផងថា ការប្រកួតបាល់ទាត់យុវជនយុវជនអាយុក្រោម១៨ឆ្នាំនៅខេត្តកំពង់ស្ពឺនេះ ប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ដោយមានការចូលក្រុមបុរស១៩ក្រុម និងក្រុមនារី៩ក្រុម៕

You might also like More from author