លោក​បណ្ឌិត ថោង ខុន ចូលរួម​សម្ពោធ​ឆ្នោត​កីឡា​ជាតិ សាខា​ខេត្ត​កំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ក្រុមហ៊ុនឆ្នោតកីឡាជាតិ បានរៀបចំពិធីសម្ពោធសាខាប្រចាំខេត្តកំពង់ឆ្នាំងមួយទៀតហើយ នៅថ្ងៃ ទី១៤ ខែមីនានេះ ដើម្បីរួមចំណែកស្វែករកមូលនិធិលើកកម្ពស់ និងការអភិវឌ្ឍន៍វិស័យកីឡាជាតិ។ ពិធីសម្ពោធ នេះបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមទាំងថ្នាក់ ដឹកនាំក្រុមហ៊ុន និងបុគ្គលិកជាច្រើនទៀត។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានថ្លែងក្រោយពិធីសម្ពោធ ថា នេះគឺជាខេត្តទី៦ ហើយ ដែលក្រុមហ៊ុនឆ្នោតកីឡាជាតិបានសម្ពោធសាខារបស់ខ្លួន ដើម្បីផ្សព្វផ្សាយឲ្យប្រជា ពលរដ្ឋបានយល់ដឹង និងចូលរួមលេងឆ្នោតស្របច្បាប់ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជានេះ ដើម្បី ជាផ្នែកមួយក្នុងការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍កីឡាជាតិ ដោយឈរលើទិសដៅរួមគ្នា ក្នុងដំណើរឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។

លោកបន្ដថា «ចាប់ពីឆ្នាំ២០១៩ ទៅ NOCC បានប្ដេជ្ញាជាមួយក្រុមហ៊ុនឆ្នោតកីឡាជាតិ នឹងសហការជាមួយ អាជ្ញាធរគ្រប់ខេត្ត ដើម្បីផ្សព្វផ្សាយអំពីការលេងឆ្នោតផ្សងសំណាងជាមួយឆ្នោតកីឡាជាតិ ព្រោះឆ្នោតកីឡា ជាតិ គឺជាក្រុមហ៊ុនមួយ ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ឲ្យធ្វើអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ មួយផ្នែក មកទ្រទ្រង់ដំណើរត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ ដូច្នេះខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគាំទ្រឆ្នោតកីឡាជាតិទាំងអស់គ្នា ដើម្បីគាំទ្រការអភិវឌ្ឍន៍វិស័យកីឡាជាតិទាំងអស់គ្នា»

លោកឧកញ៉ា ឈិន យ៉ុងសៀង អគ្គនាយកក្រុមហ៊ុនឆ្នោតកីឡាជាតិ ធ្លាប់បានបញ្ជាក់ថា ក្រោយទទួលបានការ អនុញ្ញាតពីរាជរដ្ឋាភិបាល កាលពីឆ្នាំ២០១៤ ក្រុមហ៊ុនបានធ្វើការយ៉ាងស្អិតរមួតជាមួយ NOCC ដើម្បីជំរុញ ដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងគោលបំណង ជួយទ្រទ្រង់ និងអភិវឌ្ឍកីឡាជាតិ ពិសេសជួយទ្រទ្រង់ឧបត្ថម្ភ ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ព្រមទាំងកាត់បន្ថយអាជីវកម្មឆ្នោត ឬល្បែងភ្នាល់ខុសច្បាប់ ហើយជួយរកចំណូលដល់សេដ្ឋកិច្ចជាតិ។ ដូច្នេះលោកសង្ឃឹមថា ការពង្រីកសាខាថ្មី នៅខេត្តកំពង់ឆ្នាំង នឹងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋក្នុងខេត្តផ្ទាល់៕

You might also like More from author