Federer និង Nadal ឡើង​វគ្គ ៨នាក់​​ចុង​ក្រោយ នៃ​ពាន Indian Wells 2019

(កាលីហ្វញ៉ា)៖ កីឡាករវាយកូនបាល់ទោល Roger Federer និង Rafael Nadal បានដឹកនាំគ្នាឡើងវគ្គ ៨នាក់ចុង ក្រោយនៃកម្មវិធី Indian Wells នៅសហរដ្ឋអាមេរិក ក្រោយទម្លាក់គូប្រជែងរៀងៗខ្លួននាយប់មិញនេះក្នុងវគ្គ ១៦ចុងក្រោយ។

អតីតម្ចាស់ជើងឯកពិភពលោក ៥សម័យកាលសញ្ជាតិស្វីស Federer បានយកឈ្នះកីឡាករលេខ១ អង់គ្លេស Kyle Edmund ក្នុងលទ្ធផល ២-០ ដែលមានលំដាប់ពិន្ទុ ៦-១ និង ៦-៤ ដែលប្រើពេលត្រឹមតែជាង ១ម៉ោងប៉ុណ្ណោះនៅទីលានដែលស្ថិតក្នុង California ដើម្បីឡើងទៅវគ្គ ៨នាក់ចុងក្រោយត្រូវប៉ះកីឡាករឈរនៅចំណាត់ថ្នាក់លេខ៦៧ ពិភពលោក Hubert Hurkacz ដែលបានយកឈ្នះកីឡាករ Denis Shapovalov ក្នុងលទ្ធផល ២-១។

កីឡាករដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៤ ពិភពលោកបច្ចុប្បន្ន Federer ទើបតែបានឈ្នះពានរង្វាន់ Dubai Open 2019 ដើមខែមីនានេះនៅប្រទេសអារ៉ាប់រួម ពីការចូលលេងបាន ១០០ប្រកួតក្នុងក្របខណ្ឌកំពូល ATP។

ជាមួយគ្នានោះ កីឡាករឈរនៅចំណាត់ថ្នាក់លេខ២ បច្ចុប្បន្ន Rafael Nadal ក៏បានឡើងទៅវគ្គ ៨នាក់ចុងក្រោយដូចគ្នា បន្ទាប់ពីទម្លាក់គូប្រជែង Filip Krajinovic ក្នុងលទ្ធផល ២សិត ទល់នឹង ០ ក្រោមលំដាប់ពិន្ទុ ៦-៣ និង ៦-៤ ខណៈកីឡាករអេស្ប៉ាញរូបនេះ ត្រូវជួបកីឡាករុស្ស៊ី Karen Khachanov៕

You might also like More from author