គ្រូភ្នំពេញ​ក្រោន និង​បឹងកេត សុទ្ធតែ​ចាត់ទុក​ការប៉ះ​គ្នា​ស្អែក​នេះ គឺជា​ការ​ប្រកួត​ដ៏លំបាក

(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមបឹងកេតអែហ្វស៊ី នាវេលាម៉ោង ៦៖០០នាទីល្ងាច ថ្ងៃទី១៧ ខែមីនាស្អែកនេះ នៅកីឡដ្ឋាន RSN ក្នុងជំនួបបើកឆាករដូវកាលថ្មីនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ស្រប ពេលគ្រូបង្វឹកក្រុមទាំងពីរ សុទ្ធតែបានចាត់ទុកជាការប្រកួតដ៏លំបាករៀងៗខ្លួន។

សម្រាប់លោក Leonardo Vitorino គ្រូបង្វឹកក្រុមភ្នំពេញក្រោនបានលើកឡើងថាដោយសារការហ្វឹកហាត់មិនសូវ ជុំគ្នា ព្រោះមានកីឡាករខ្លះជាប់បេសកកម្មជួយក្រុមជម្រើសជាតិ ខ្លះទើបជាពីរបួស វាបានជះឥទ្ធិពលមិនល្អខ្លះ ដល់ការប្រកួតសប្ដាហ៍ទី១ ជាមួយបឹងកេត ប៉ុន្ដែលោកនៅតែរំពឹង ភ្នំពេញក្រោននឹងធ្វើបានល្អ ចំពោះមុខអ្នក គាំទ្រ ដើម្បីស្វែងរក ៣ពិន្ទុដំបូង។

គ្រូបង្វឹកប្រេស៊ីលរូបនេះនិយាយថា «ខ្ញុំបានប្រាប់កីឡាកររបស់ខ្ញុំថា ការប្រកួតនេះមិនមែនជាការសម្រេច ថាអ្នកណាជាម្ចាស់ពានរង្វាន់លីគកំពូលនោះទេ ប៉ុន្តែយើងត្រូវតែលេងឲ្យបានល្អបំផុត ព្រោះនៅពេលដែល យើងមានទម្រង់លេងល្អ យើងនឹងឈ្នះការប្រកួតនេះជាក់ជាមិនខាន ហើយសម្រាប់គោលដៅរបស់យើង គឺឈ្នះពានរង្វាន់លីគកំពូលកម្ពុជាពេលចប់រដូវកាល»

ចំណែកលោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេតបានអះអាងថា មកទល់ពេលនេះ កូនក្រុមខ្លួនធ្វើមិនទាន់បានល្អ ១០០% នោះទេ។ តែស្របពេលក្រុមត្រូវជួបក្រុមខ្លាំង ដូចជាភ្នំពេញក្រោន លោកបានចាត់ទុកនេះគឺជាការ លំបាក និងជាការប្រកួតដ៏តានតឹង។ ម្យ៉ាងលោកក៏មិនបានដឹងច្រើនអំពីសមាសភាពរបស់គូប្រជែងដែរ គ្រាដែល ប្រកួតបើកឆាក ត្រូវធ្វើឡើងនៅលើទឹកដីរបស់ភ្នំពេញក្រោនទៀត។

លោកថា «ក្រុមយើងមានការផ្លាស់ប្ដូរកីឡាករច្រើន ទាំងកីឡាករក្នុងស្រុក និងបរទេស ហើយពេលនេះការ សហការគ្នាលេងជាក្រុម មិនទាន់បានល្អ ១០០% ទៀត។ អញ្ចឹងនេះគឺជាក្ដីបារម្ភមួយសម្រាប់យើង ព្រោះជា ការប្រកួតបើករដូវកាល ហើយយើងត្រូវជួបក្រុមមួយខ្លាំង។ តែយ៉ាងណា ខ្ញុំសង្ឃឹមកីឡាករទាំងអស់នឹងខិតខំ យក ៣ពិន្ទុឲ្យបាន តែបើមិនបាន ៣ពិន្ទុយ៉ាងហោចក៏បញ្ចប់ការប្រកួត ៩០នាទីស្មើគ្នាដែរ»

គួរបញ្ជាក់ថា ជំនួបរវាងអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន និងអតីតក្រុមជើងឯក ៣សម័យកាល បឹងកេតនេះ ត្រូវបានអ្នកគាំទ្រចាត់ទុកជាការប្រកួត The Cambodian Classic Match ហើយរាល់ពេលក្រុមទាំង ពីរជួបគ្នាម្ដងៗ តែងមានអ្នកគាំទ្រច្រើនចូលរួមទស្សនា និងលើកទឹកចិត្តដល់ក្រុមជា Idol របស់ខ្លួន៕

You might also like More from author