កីឡាករ វ៉ា សុថន៖ «ការ​ប្រកួត​ដំបូង​របស់​យើង គឺ​ដូចជា​ការ​ប្រកួត​ដណ្តើម​យក ៦ពិន្ទុ…»

(ភ្នំពេញ)៖ ការប្រកួត The Cambodian Classic Match រវាងក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតអែហ្វស៊ី នឹងធ្វើឡើងនៅកីឡដ្ឋាន RSN នាថ្ងៃសៅរ៍ស្អែកនេះ ក្នុងសប្តាហ៍ទី១ នៃលីគកំពូលម្ពុជារដូវកាលថ្មីឆ្នាំ២០១៩។

សម្រាប់កីឡាករខ្សែបម្រើកណ្តាល វ៉ា សុថន បានចាត់ទុកថា ការប្រកួតនេះគឺជាការប្រកួតដណ្តើមយក ៦ពិន្ទុ មិនមែនយកត្រឹមតែ ៣ពិន្ទុនោះទេ ព្រោះវាជាការប្រកួតមួយដែលមានភាពតានតឹងខ្លាំង ហើយវាក៏ជាការប្រកួតដំបូងផងដែរ។

សុថន បាននិយាយថា «វាជារឿងល្អ និងលំបាករបស់ក្រុម ព្រោះវាគឺជាការប្រកួតដំបូងរបស់យើងទាំងអស់គ្នាទាំងកីឡាករ ក្រុមបុគ្គលិក និងអ្នកគាំទ្រពិតជាចង់ឃើញការប្រកួតនេះណាស់ ប៉ុន្តែពួកយើងក៏មានសំពាធបន្តិចបន្ទួចដែរ»

កីឡាករខ្មែរបារាំងបានបន្តទៀតថា «ការប្រកួតទល់នឹងក្រុមបឹងកេត គឺវាមិនងាយស្រួលប៉ុន្មានទេ ព្រោះពួកគេជាក្រុមដែលខ្លាំងមួយនៅក្នុងលីគ។ នៅលើទីលានគឺវាដូចជាសង្គ្រាមមួយ ដែលយើងត្រូវតែប្រកួតប្រជែងឲ្យបានខ្លាំងក្លា ដើម្បីបង្ហាញថា ពួកយើងជាក្រុមមួយដែលខ្លាំង ហើយគឺដើម្បីឈ្នះ។ ក្រុមរបស់ពួកយើងគឺត្រៀមរួចរាល់ហើយ ខណៈយើងបានរៀបចំ២-៣សប្តាហ៍ហើយ ដើម្បីធ្វើការជាក្រុមឲ្យបានប្រសើរឡើង។ ខ្ញុំមិនអាចទាយបានទេថា ក្រុមមួយណាដែលអាចឈ្នះការប្រកួតនេះ»

សូមបញ្ជាក់ផងថា ទាំងនេះគឺជាការបង្ហាញថា ជាផ្ទះរបស់ពួកយើង ជាកីឡដ្ឋានរបស់យើង និងជាទឹកដីរបស់យើង គ្មានអ្នកណាអាចខ្លាំងជាងយើងបានទេនៅទីនេះ ដោយខ្សែបម្រើកណ្តាលវ័យ៣១ឆ្នាំរូបនេះ ក៏បានសំណូមពរដល់អ្នកគាំទ្រថា នៅក្នុងវិស័យបាល់ទាត់ អ្នកគាំទ្រពិតជាសំខាន់ណាស់ ពួកគេជាកម្លាំងចិត្ត ដើម្បីជំរុញដល់កីឡាករឲ្យមានជំនឿជឿជាក់ និងមានភាពរឹងមាំបន្ថែមទៀត៕

You might also like More from author