កីឡា ៤ប្រភេទ ទទួល​បាន​ប្រាក់រង្វាន់​ពីរាជ​រដ្ឋាភិបាល មុន​បុណ្យចូល​ឆ្នាំថ្មី

(ភ្នំពេញ)៖ អត្តពលិក ៤ប្រភេទកីឡា រួមមានកីឡាវ៉ូវីណាម ប៉េតង់ វាយកូនឃ្លីលើតុ និងកីឡាការ៉ាតេដូ បានទទួល រង្វាន់លើកទឹកចិត្តជាច្រើនពីរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលប្រគល់ដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានាល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។

ការប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះដែរ បន្ទាប់ពីប្រភេទកីឡាខាងលើដណ្ដើមបានមេដាយពីព្រឹត្តិការណ៍ ចំនួន២ គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩ ឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា និងការប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមអាស៊ី លើកទី៤ ឆ្នាំ២០១៨។ ទន្ទឹមជាមួយគ្នានេះ គេឃើញកីឡាករ-កីឡាការិនី បានសម្ដែងការសប្បាយចិត្ត និងថ្លែងអំណរគុណប្រមុខថ្នាក់ដឹកនាំជាខ្លាំង ចំពោះពេលវេលាល្អ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នាពេលដ៏ខ្លីខាងមុខ។

ទន្ទឹមជាមួយគ្នាលោក ស សុខា ក៏បានសម្ដែងការសាទរ និងអបអរសាទរដល់កីឡាករ-កីឡាការិនីដណ្ដើមបាន ជយលាភីផងដែរ ហើយបានជំរុញពួកគេត្រូវបន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត មិនត្រូវភ្លេចខ្លួន ធ្វើឲ្យធ្លាក់ចុះ សមត្ថភាពឡើយ។ រដ្ឋលេខាធិការក្រសួងអប់រំដដែល ក៏បានស្នើដល់កីឡាករ-កីឡាការិនី ត្រូវចេះថែរក្សាខ្លួន ថែសុខភាព និងបង្កើនការហ្វឹកហាត់ទ្វេដង ដើម្បីត្រៀមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិកាន់តែច្រើន ទៀត។

គួរបញ្ជកា់ថា ចំពោះការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានអាស៊ាន លើកទី១៩ កាលពីចុងឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាបានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនីសរុប ៧៧នាក់ លើ ៦ប្រភេទកីឡាទៅ ចូលរួម តែជាលទ្ធផលមានកីឡា ៤ប្រភេទដណ្ដើមបានមេដាយ រួមមានកីឡាវ៉ូវីណាម វាយកូនឃ្លីលើតុ ប៉េតង់ និងកីឡាការ៉ាតេដូ ដោយដណ្ដើមបានមេដាយសរុប ២៧គ្រឿង រួមមានមេដាយមាស៥ ប្រាក់១០ និងសំរឹទ្ធ១២ គ្រឿង៕

You might also like More from author