ជើងខ្លាំង​គុនខ្មែរ ចាន់ រតនា ប្រើ​ស្នៀត​ពិសេស ផ្ដួល​ជើងខ្លាំង​ឥណ្ឌូនេស៊ី Rudy ត្រឹម​ទឹក​ទី​២ លើ​សង្វៀន ONE យប់​មិញ (Video Inside)

(ហ្សាកាតា)៖ អ្នកលេងគុនខ្មែរ ចាន់ រតនា បានធ្វើឲ្យអ្នកគាំទ្រមានមោទនភាពជាខ្លាំង ក្រោយយផ្ដួលកីឡាករ Rudy Agustian របស់ឥណ្ឌូនេស៊ី ដោយប្រើរយៈពេលត្រឹម ២ទឹកសម្រាប់ការប្រកួតក្នុងទ្រុងលើសង្វៀន ONE: FOR HONOR នៅប្រទេសឥណ្ឌូនេស៊ី កាលពីយប់មិញ។

ការប្រកួតដ៏ជក់ចិត្តនេះ អ្នកគាំទ្រកម្ពុជា ស្ទើរតែអស់សង្ឃឹមទៅហើយ បន្ទាប់ពី ចាន់ រតនា ត្រូវជើងខ្លាំងម្ចាស់ផ្ទះ ប្រើស្នៀតឃ្លេចាប់ជាប់ជាច្រើនលើកក្នុងទឹកទី១។ តែគួរឲ្យសរសើរក្នុងនាមអ្នកប្រយុទ្ធកម្ពុជា រតនា បានប្រើស្នៀតពិសេសរបស់ខ្លួន ដោយព្យាយាមយ៉ាងខ្លាំង ដើម្បីដោះឃ្លេរបស់ Rudy រហូតបានសម្រេច។

ចូលទឹកទី២ ចាន់ រតនា បានសម្រុកវាយវិញ ដ្បិតជាប់ឃ្លេកីឡាករឥណ្ឌូនេស៊ីម្ដងម្កាលដែល Rudy មិនអាចរារាំងការខំប្រឹងរបស់ រតនា បានឡើយ។ ទីបំផុតជើងខ្លាំងគុនខ្មែររូបនេះបានព្យាយាមទាត់ផង ប្រើកណ្ដាប់ដៃ និងជង្គង់ផង ដើម្បីផ្ដួលកីឡាករ Rudy នៅចុងទឹកទី២ និងធ្វើឲ្យកីឡាករឥណ្ឌូនេស៊ីរូបនេះ ស្គាល់ចាញ់លើកដំបូងលើសង្វៀន ONE ផងដែរ។

ក្រឡេកទៅចាប់អារម្មណ៍កីឡាការិនី នៅ ស្រីពៅ ដែលប្រកួតបន្ទាប់វិញយប់មិញ ស្រីពៅ ធ្វើបានយ៉ាងល្អ តែមិន អាចយកឈ្នះកីឡាការិនីដ៏មានបទពិសោធន៍របស់ឥណ្ឌូនេស៊ី Priscilla Hertati Lumban Gao ក្រោយឆ្លងកាត់ការប្រកួត ៣ទឹកចាញ់ដោយពិន្ទុ។ ប៉ុន្ដែក្រឡេកមើលបច្ចេកទេស សម្រាប់ការបង្ហាញវត្តមានលើកទី២ លើសង្វៀន ONE របស់ ស្រីពៅ គឺមិនចាញ់កាលពីនាងយកឈ្នះកីឡាការិនីជើងខ្លាំងថៃ Rika នោះទេ៕

You might also like More from author