Liverpool ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ Champions លើក​ទី៩ ក្រោយ​វាយ​បក​ឈ្នះ Barcelona ៤-០ ដ៏ភ្ញាក់​ផ្អើល! (Video Inside)

(លីវើភូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់លីគអឺរ៉ុប UEFA Champions League ជាលើកទី៩ ក្រោយវាយបកឈ្នះក្រុមយក្សអេស្ប៉ាញ FC Barcelona ក្នុងលទ្ធផល ៤-០ ដ៏គួរ ឲ្យភ្ញាក់ផ្អើលនាយប់មិញនេះ។

ក្រុមអង់គ្លេស Liverpool បានរបូត ៣គ្រាប់កាលជើងទី១ នៅទឹកដីអេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោម ថ្វីជើងរបស់ក្រុមអ្នកមានបុណ្យ FC Barcelona នៅកីឡដ្ឋាន Camp Nou តែបានធ្វើការវាយបកយកជ័យជម្នះ ៤-០ វិញក្នុងជើងទី២ នារាត្រីថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ ដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈកីឡាករសំខាន់ៗមាន ដូចជា Naby Keita, Roberto Firmino និង Mohamed Salah ជាដើមត្រូវអវត្តមានដោយសារបញ្ហារបួស។

តាមរយៈជ័យជម្នះដ៏ភ្ញាក់ផ្អើលនៅកីឡដ្ឋាន Anfield ស្ថិតក្នុងទីក្រុង Liverpool នៃចក្រភពអង់គ្លេស បានធ្វើឲ្យ Liverpool ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Champions League ជាលើកទី៩ ក្រៅពីធ្លាប់ឈ្នះ ពាន នេះបាន ៥ដងរួចមក និងចុងក្រោយនាឆ្នាំ២០០៥។

Liverpool ត្រូវរង់ចាំគូប្រជែងរវាងក្រុម Ajax ប៉ះក្រុមអង់គ្លេស មាន់ខ្នាយមាស Tottenham Hotspur ដែលត្រូវ ប្រកួត បញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីនេះ ខណៈជើងទី១ Ajax បានយកឈ្នះក្រុម Spurs ត្រឹម ១-០ នៅទឹកដីអង់គ្លេស មុនពេលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុង ម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ៕

You might also like More from author