អ្នក​ឈ្នះ​ស្បែក​ជើងមាស​នៅ Premier League រដូវកាល​នេះ​មាន ៣នាក់ ក្រោយ​រកបាន ២២គ្រាប់​ដូចគ្នា

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ ៣រូបរួមមាន Pierre-Emerick Aubameyang របស់ក្លឹបកាំភ្លើងធំ Arsenal និង Mohamed Salah និង Sadio Mane នៃក្លឹបហង្សក្រហម Liverpool សុទ្ធតែបានឈ្នះស្បែកជើងមាសក្នុងក្រប ខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាល ក្រោយស៊ុតបញ្ចូលទីបាន ២២គ្រាប់ដូចគ្នា។

កីឡាករអន្តរជាតិកាបុង Aubameyang រកបាន ២គ្រាប់បន្ថែមក្នុងជ័យជម្នះដែល Arsenal បំបាក់ម្ចាស់ផ្ទះ Burnley ៣-១ នៅថ្ងៃបិទបញ្ចប់ Premier League នាយប់មិញនេះដែលជារដូវកាលទី១ របស់គេផងដែរនៅទឹកដី អង់គ្លេស ក្រោយផ្លាស់ចេញពីអាល្លឺម៉ង់ ក្នុងក្លឹប Borussia Dortmund។

ជាមួយគ្នានោះដែរ កីឡាករក្នុងក្រុមជម្រើសជាតិសេណេហ្គាល់ Sadio Mane ក៏រកបាន ២គ្រាប់ជួយហង្សក្រហម Liverpool បំបាក់ក្រុមភ្ញៀវ Woverhamton Wanderers ២-០ បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៅ Premier League រដូវកាលឆ្នាំ២០១៨-២០១៩ ដោយមាន Manchester City ជាអ្នកលើកពាន។

កីឡាករជនជាតិអេហ្ស៊ី Mohamed Salah ក៏ឈ្នះស្បែកជើងមាស (Golden Boot) នារដូវកាលនេះផងដែរ ក្នុងនាមជាកីឡាកររកបាន ២២គ្រាប់ និងជាលើកទី២ ផងដែរឈ្នះស្បែកជើងមាសដូចកាលឈ្នះម្តងដែរកាល ឆ្នាំ២០១៨ ក្រោយរកគ្រាប់ស៊ុតបញ្ចូលទីបាន ៣២គ្រាប់ច្រើនជាងគេ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះបានក្លាយជា បុរសទី៦ ដែលឈ្នះ Golden Boot នៅ Premier ២សម័យជាប់គ្នា ក្រៅពីកីឡាករពាក់លេខ១០ Harry Kane ដែលធ្លាប់ឈ្នះកាលឆ្នាំ២០១៦ និងឆ្នាំ២០១៧៕

You might also like More from author