AFC Cup៖ ណាហ្គា ឈរបាត​តារាង ក្រោយ​ចាញ់ Yangon ក្នុង​ជំនួប​បង្គ្រប់​កិច្ច

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ណាហ្គាវើលរបស់កម្ពុជា បានបញ្ចប់ការប្រកួតជម្រុះពានរង្វាន់អាស៊ី AFC Cup 2019 ប្រចាំពូល F ហើយ តែបានត្រឹមឈរបាតតារាង ក្រោយត្រូវក្រុមមីយ៉ាន់ម៉ា Yangon United សងសឹកបានសម្រេច ជាមួយលទ្ធផល ២-០ ក្នុងជំនួបបង្គ្រប់កិច្ចកាលពីយប់មិញ។

ការប្រកួតបង្គ្រប់កិច្ចនេះ តង់ទី១ មិនមានការស៊ុតបញ្ចូលទីគ្នានោះទេ តែចូលតង់ទី២ ក្រុមម្ចាស់ផ្ទះ Yangon United រកបាន ២គ្រាប់ ដោយកីឡាករ Maung Maung Lwin នៅនាទី៧៥ និងកីឡាករ Miller នៅនាទី៩០+៦ ខណៈណាហ្គាវើល មិនអាចបំប៉ោងសំណាញ់ក្រុមមីយ៉ាន់ម៉ានេះបានឡើយ។ នេះគឺជាការសងសឹកបានសម្រេច របស់ Yangon ដ្បិតជើងទី១ ណាហ្គាវើលបានឈ្នះក្នុងដី ២-១។

ដូច្នេះក្រុមណាហ្គាវើល បានត្រឹមឈរបាតតារាង និងមាន ៣ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួត ឈ្នះ១ និងចាញ់៥ គ្រាដែល Yangon ឈរលេខ៣ និងមាន ៦ពិន្ទុ។ ចំណែកក្រុម Hanoi FC របស់វៀតណាម បានឡើង ទៅជុំបន្ដ ក្រោយរកបាន ១៣ពិន្ទុស្មើក្រុម Tampines Rovers តែក្រុមសិង្ហបុរីនេះ មិនអាចឡើងវគ្ដបន្ដបានទេ ព្រោះមានពិន្ទុទាបជាងក្រុមលេខ២ នៃពូលផ្សេងៗ៕

You might also like More from author