ណាហ្គា និង​បឹងកេត អាច​បញ្ចប់​កំណត់ត្រា​មិន​ស្គាល់​ចាញ់ ថាយហ្គឺរ និង​ស្វាយរៀង បានទេ?

(ភ្នំពេញ)៖ លីគកំពូលកម្ពុជាចុងសប្ដាហ៍នេះ គឺមាន ២ប្រកួត ដែលជាគូជក់ចិត្តមិនគួរមើលរំលង គឺជំនួបរវាង ក្រុមណាហ្គាវើល ប៉ះក្រុមអង្គរថាយហ្គឺរ និងក្រុមបឹងកេតអែហ្វស៊ី ប៉ះក្រុមព្រះខ័នរាជស្វាយរៀង។ ចាំមើលតើ ណាហ្គាវើល និងបឹងកេត អាចបញ្ចប់កំណត់ត្រាមិនទាន់ស្គាល់ចាញ់របស់អង្គរថាយហ្គឺរ និងព្រះខ័នរាជស្វាយ រៀងបានទេ?

ណាហ្គាវើល នឹងត្រូវជួបក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានស្ដាតចាស់នាម៉ោង ៦ល្ងាច ថ្ងៃសៅរ៍នេះ។ បច្ចុប្បន្នណា ហ្គាវើល កំពុងឈរលេខ២ និងមាន ១៨ពិន្ទុ ក្រោយឆ្លងកាត់ ៧ប្រកួត ឈ្នះ៦ និងចាញ់១ តែមានប្រៀបជាងក្រុម អង្គរថាយហ្គឺរ ដ្បិតក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប មិនទាន់ស្គាល់ចាញ់ ដោយឆ្លងកាត់ ៧ប្រកួត ឈ្នះ៤ និងស្មើ៣ តែពួកគេទើបរកបាន ១៥ពិន្ទុប៉ុណ្ណោះ។ ដូច្នេះវាគឺជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ។

ចំណែកបឹងកេត នឹងត្រូវជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃទី១៩ ខែឧសភាខាងមុខ។ ជាបណ្ដោះអាសន្ន ស្វាយរៀង កំពុងឈរកំពូលតារាង និងមាន ១៩ពិន្ទុ ជាមួយលទ្ធផល ៧ប្រកួត ឈ្នះ៦ និងស្មើ១។ រីឯបឹងកេតវិញ ទើបរកបាន ១៣ប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួត ឈ្នះ៤ ស្មើ១ និងចាញ់២។ ហេតុនេះ ក៏មិនខុសពីគូខាងលើដែរ។ នេះគឺជាការប្រកួតដ៏តឹងតែង ព្រោះស្វាយរៀង និងបឹងកេត សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន។

ដោយឡែកគូប្រកួតផ្សេងៗក្នុងសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា រួមមានថ្ងៃសៅរ៍ ក្រុមសូលទីឡូអង្គរ បើកទ្វារ កីឡដ្ឋានខេត្តសៀមរាប ទទួលក្រុមភ្នំពេញក្រោន និងក្រុមវិសាខា បើកទ្វារផ្ទះទទួលក្រុមយុវជនសាលាបាល់ទាត់ ជាតិបាទី U-18។ រីឯថ្ងៃអាទិត្យរួមមានក្រុមគិរីវង់សុខសែនជ័យ ជួបក្រុមភ្ញៀវក្រសួងការពារជាតិ, ក្រុមអាស៊ីអឺរ៉ុប ជួបខេត្តកំពង់ចាម និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះអគ្គិសនីកម្ពុជា នៅកីឡដ្ឋានអគ្គិសនីកម្ពុជា៕

You might also like More from author