ខេត្ត​ក្រចេះ ស្មើ​ត្បូងឃ្មុំ ០-០ ក្នុ​ងជើង​ទី១ នៃ​ពាន U-15 វិសាខា

(ភ្នំពេញ)៖ ពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំរបស់ក្លឹបកីឡាបាល់ទាត់វិសាខា ដែលប្រសិទ្ធនាមថា G-PARK Youth Cup U-15 លើកទី១ បានដំណើរការប្រកួតដល់គូទី៣ សម្រាប់ការប្រកួតជម្រុះតាមខេត្តហើយ គឺខេត្ត ក្រចេះ ប៉ះខេត្តត្បូងឃ្មុំ ខណៈលទ្ធផលជើងទី១ បានត្រឹមស្មើគ្នា ០-០ ក្នុងជំនួបលើទឹកដីខេត្តក្រចេះកាលពីម្សិល មិញ។

តាមរយៈលទ្ធផលនេះ ក្រុមទាំងពីរ ត្រូវចាំអ៊ុតការប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី២៣ ខែឧសភាស្អែកនៅលើ ទឹកដីខេត្តត្បូងឃ្មុំវិញម្ដង ដើម្បីកំណត់ក្រុមឈ្នះ ឡើងជុំផ្ដាច់ព្រ័ត្រ។ ចាំមើលតើខេត្តក្រចេះ ឬខេត្តត្បូងឃ្មុំ នឹងទទួលបានជ័យជម្នះលើសមរភូមិវាលស្មៅ ដើម្បីឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រនៅកីឡដ្ឋានវិសាខា រាជធានី ភ្នំពេញ?

សូមរំឭកថា ពាននេះ មានក្រុមយុវជន ១០ខេត្តចូលរួម ហើយបែងចែកការប្រកួតជា ២ដំណាក់កាល ទី១៖ ការប្រកួតជម្រុះតាមខេត្ត ដោយខេត្តនីមួយៗត្រូវធ្វើម្ចាស់ផ្ទះម្នាក់ម្ដង និងទី២៖ ក្រុមទទួលជ័យជម្នះ ៥ក្រុម រួមទាំងក្រុមចាញ់ល្អជាងគេ ១ក្រុមវិនិច្ឆ័យដោយគណៈកម្មជំនាញ នឹងត្រូវឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រនៅ កីឡដ្ឋានវិសាខា។

បច្ចុប្បន្នមានក្រុមយុវជនចំនួន ២ក្រុមហើយ ដែលបានកក់កៅអីជុំផ្ដាច់ព្រ័ត្រ រួមមានខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួនកាលពីពេលថ្មីៗ ក្នុងនោះខេត្តបន្ទាយមានជ័យបានយក ឈ្នះខេត្តបាត់ដំបង ដោយលទ្ធផល ៥-៤ និងខេត្តកំពង់ឆ្នាំង បានយកឈ្នះកណ្ដាល ដោយលទ្ធផល ១១-១៕

You might also like More from author