សៀមរាប និង​ត្បូងឃ្មុំ ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេជោ-ថ្នាក់ខេត្ត

(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត លើកទី១៣ បានរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រហើយ គឺក្រុមជម្រើសខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ ក្រោយទម្លាក់ខេត្តកោះកុង និងខេត្តរតនគិរី នាល្ងាចថ្ងៃទី២២ ខែឧសភានេះ នៅលើទឹកដីរបស់ខ្លួនរៀងៗខ្លួន។

ចំពោះខេត្តសៀមរាប បានយកឈ្នះខេត្តកោះកុង ដោយលទ្ធផល ២-១ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏តានដឹង នៅកីឡដ្ឋានខេត្តសៀមរាប។ រីឯខេត្តត្បូងឃ្មុំ បានយកឈ្នះក្រុមភ្ញៀវខេត្តរតនគិរី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៣-២ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ២-២ ក្រោមដំណក់ទឹកភ្លៀង លើទីលានខេត្តត្បូងឃ្មុំ។

ដោយហេតុនេះ ខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ ត្រូវឡើងទៅជួបគ្នា ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត ហើយក៏ទទួលបានកៅអីវគ្គ ១៦ក្រុមចុងក្រោយ ឬពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ ដោយស្វ័យប្រវត្តិផងដែរ។ ចំណែកក្រុមកោះកុង និងខេត្តរតនគិរី ក៏មិនទាន់អស់ឱកាសដែរ ពួកគេក៏ត្រូវជួបគ្នា ដើម្បីប្រជែងកៅអីបង្គ្រប់វគ្គ ១៦ក្រុមចុងក្រោយផងដែរ។

ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត គ្រោងធ្វើឡើង នាថ្ងៃទី០១ ខែមិថុនាខាងមុខ ដោយប្រើប្រាស់កីឡដ្ឋានខេត្តស្វាយរៀង គឺជាទឹកដីកណ្ដាល(រង់ចាំការសម្រេចពី CNCC)៕

You might also like More from author