ក្រុមខេត្ដត្បូងឃ្មុំ យក​ឈ្នះ​ខេត្តក្រចេះ ៤-១ ឡើង​ជុំ​ផ្ដាច់ព្រ័ត្រ​ពាន U-15 វិសាខា

(ភ្នំពេញ)៖ ក្រុមយុវជនមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានក្លាយជាក្រុមទី៣ ដែលបានបន្ដដំណើរទៅជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំរបស់ក្លឹបវិសាខា ដែលប្រសិទ្ធនាមថា ពាន G-PARK Youth Cup U-15 លើកទី១ ក្រោយលត់ក្រុមយុវជនមន្ទីរអប់រំ យុវជន និងកីឡា ខេត្តក្រចេះ ៤-១ ក្នុងជំនួបកាត់សេចក្ដីជើងទី២ នៅកីឡដ្ឋានខេត្តត្បូងឃ្មុំកាលពីម្សិលមិញ។

ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ធ្លាប់បានជួបគ្នាម្ដងរួចមកហើយ កាលពីថ្ងៃអង្គារ នៅទឹកដីខេត្តក្រចេះ ដោយបញ្ចប់ជាមួយលទ្ធផលស្មើគ្នា ០-០។ ឈានដល់ការប្រកួតកាត់សេចក្ដីជើងទី២ កាលពីម្សិលមិញ នៅលើទឹកដីខេត្តត្បូងឃ្មុំវិញម្ដង ក្រុមម្ចាស់ផ្ទះធ្វើបានយ៉ាងល្អ ដោយរកបាន ៤គ្រាប់ គ្រាដែលខេត្តក្រចេះ បានត្រឹមសោកស្ដាយ ក្រោយវាយបកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យខេត្តត្បូងឃ្មុំ ឡើងទៅជុំផ្ដាច់ព្រ័ត្រជាមួយក្រុមយុវជនមន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន ២ទៀត គឺខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ដែលបានទម្លាក់ក្រុមយុវជនមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង និងខេត្តកណ្ដាល កាលពីពេលថ្មីៗកន្លងទៅ។

គួរបញ្ជាក់ថា ពាននេះ មានក្រុមយុវជន ១០ខេត្តចូលរួម ហើយបែងចែកការប្រកួតជា ២ដំណាក់កាល ទី១៖ ការប្រកួតជម្រុះតាមខេត្ត ដោយខេត្តនីមួយៗ ត្រូវធ្វើម្ចាស់ផ្ទះម្នាក់ម្ដង និងទី២៖ ក្រុមទទួលជ័យជម្នះ ៥ក្រុម រួមទាំងក្រុមចាញ់ល្អជាងគេ ១ក្រុម (វិនិច្ឆ័យដោយគណៈកម្មជំនាញ) នឹងត្រូវឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រនៅកីឡដ្ឋានវិសាខា រាជធានីភ្នំពេញ៕

You might also like More from author