ប្រធានសហព័ន្ធ​កីឡា «Cheerleading» របស់​ជប៉ុន ប្តេជ្ញា​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ ឲ្យ​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង នៅ​កម្ពុជា

(ភ្នំពេញ)៖ តាមរយៈការប្រគល់អំណោយជាសម្ភារៈកីឡា Cheerleading មួយចំនួនជូនដល់ប្រធានសហព័ន្ធកីឡា Cheerleading នៅកម្ពុជា លោក ចាន់ សុខឃាង នាឱកាសនោះ ប្រធានសហព័ន្ធកីឡា Cheerleading របស់ប្រទេសជប៉ុន លោក Setsuo Nakamura បានថ្លែងឲ្យដឹងថា សហព័ន្ធកីឡា Cheerleading នឹងជួយអភិវឌ្ឍកីឡាប្រភេទនេះ ជូនដល់ប្រទេសកម្ពុជាឲ្យកាន់តែមានឥទ្ធិពលខ្លាំងមួយកម្រិតទៀត នាពេលអនាគត នៅក្នុងប្រទេសកម្ពុជា។

ការថ្លែងបញ្ជាក់គាំទ្របែបនេះ ធ្វើឡើងក្នុងពិធីប្រគល់ និងទទួលសម្ភារៈកីឡាឆៀរលីដឌីង ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យន័រតុន នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្រោមវត្តមានលោក Hidehisa Horinoichi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Setsuo Nakamura ប្រធានសមាគមឆៀរលីដឌីងប្រទេសជប៉ុន និងជាប្រធានសហព័ន្ធឆៀរលីដឌីងអន្តរជាតិ, លោក ចាន់ សុខឃាង សាកលវិទ្យាធិការ សាកលវិទ្យាល័យន័រតុន និងជាប្រធានសហព័ន្ធកីឡាឆៀរលីដឌីងកម្ពុជា រួមនឹង លោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

លោក Setsuo Nakamura បានបញ្ជាក់ថា តាមរយៈកិច្ចសហការរវាង ក្រសួងការបរទេសជប៉ុន ជាមួយនឹងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ទើបអាចធ្វើឲ្យសមាគមឆៀរលីដឌីង ជប៉ុនមានឱកាសចូលរួមចំណែក រិតចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ តាមរយៈកីឡាឆៀរលីដឌីងនេះ។

លោកបន្ថែមថា «ខ្ញុំសង្ឃឹមថា តាមរយៈការរួមចំណែកបន្តិចបន្តួចរបស់យើង សមាគមឆៀរលីដឌីងជប៉ុន នឹងអាចជួយដល់ការអភវិឌ្ឍន៍ វិស័យកីឡាឆៀរលីដឌីងនៅកម្ពុជា នាពេលអនាគត និងផ្តល់ឥទ្ធិពលដ៏មានន័យដល់យុវជនកម្ពុជា»

ចំណែក លោក ចាន់ សុខឃាង ប្រធានសហព័ន្ធកីឡាឆៀរលីដឌីងកម្ពុជា បានឲ្យដឹងដែរថា «យើងខ្ញុំពិតជាសប្បាយរីករាយពន់ពេក ដែលទទួលបាននូវអំណោយដ៏មានតម្លៃមួយនេះ ហើយពួកយើងនឹងប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ប្រកបដោយប្រសិទ្ធភាព និងប្រុងប្រយ័ត្ន»

ក្រៅពីនេះលោកក៏បានសំណូមពរ និងលើកទឹកចិត្ត ដល់កីឡាករ និងនិស្សិតដែលមានវត្តមានក្នុងពិធីនេះ ឲ្យចូលរួមចំណែកក្នុងសកម្មភាពកីឡា ព្រោះវាពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើន ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយវានឹងជួយពង្រឹងស្មារតី នៃភាពជាអ្នកដឹកនាំ និងសាមគ្គីភាព។

ជាមួយគ្នានោះដែរ លោក Hidehisa Horinoichi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានបញ្ចាក់ផងដែរថា ពិធីប្រគល់សម្ភារកីឡា ឆៀរលីដឌីង របស់សមាគមជប៉ុនលើកនេះ ប្រគល់ជូននូវស្បែកជើងកីឡាចំនួន៧៣គូ និងអាវយឺតចំនួន៣៨៥អាវ ដល់សហព័ន្ធកីឡាឆៀរលីដឌីងកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយកីឡាឆៀរលីដឌីង ជូនដល់កម្ពុជា។

លោកបានថ្លែងបន្តទៀតថា «ខ្ញុំសង្ឍឹមថា តាមរយៈសម្ភារកីឡាដែលបានប្រគល់ជូនទាំងនេះ កីឡាឆៀរលីដឌីងនៅកម្ពុជា នឹងរីកចម្រើនហើយការផ្តាស់ប្តូរទំនាក់ទំនងប្រទេសទាំងពីរ ក្នុងវិស័យកីឡាឆៀរលីដឌីង កាន់តែសកម្មបន្ថែមទៀត»

You might also like More from author