ក្រសួង​អប់រំ នឹង​រៀប​ចំសន្និ​សីទ ស្ដីពី​ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ លើក​ទី១ ស្អែក​នេះ

(ភ្នំពេញ)៖ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩ (The 1st National School Games) គ្រោងនឹង ចាប់បដិសន្ធិលើកដំបូង នាដើមសប្ដាហ៍ក្រោយនេះហើយ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ប៉ុន្ដែមុនឈានដល់ពិធីបើកការប្រកួតផ្លូវការ ក្រសួងអប់រំ នឹងមានរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីអំពីការ ប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ នារសៀលថ្ងៃទី០៥ ខែមិថុនាស្អែកនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីលម្អិតអំពីកម្មវិធីប្រកួត និងប្រកាសឲ្យមហាជនបានជ្រាប ក៏ដូចជាចូលរួមទស្សនា និងលើកទឹកចិត្តឲ្យបាន ច្រើនកុះករ ខណៈការប្រកួតនឹងធ្វើឡើងនៅរាជធានីភ្នំពេញ។

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយដ្ឋានកីឡា ដែលជាសេនារីយ៉ូរបស់ក្រសួងអប់រំ សន្និសីទស្អែកនេះ នឹងធ្វើឡើងក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ដ្រី ថ្នាក់ដឹកនាំ និងប្រតិភូកីឡារាជធានី-ខេត្តជាច្រើនចូលរួម ដើម្បីបានជ្រាបច្បាស់អំពីដំណើរការប្រកួតនៃព្រឹត្តិការណ៍ថ្នាក់ជាតិ លើកដំបូងនេះ។

គួរបញ្ជាក់ថា តាមគម្រោងការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ នឹងប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៩ ខែមិថុនាខាងមុខនៅរាជធានីភ្នំពេញ ហើយក្រសួងអប់រំបានកំណត់កីឡាចំនួន ១១ប្រភេទ សម្រាប់ធ្វើការប្រកួតប្រជែង រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទាត់, បាល់ទះ, បាល់បោះ, ប៉េតង់, វាយកូនឃ្លីលើតុ, វាយសី, តេក្វាន់ដូ WTF, តេក្វាន់ដូ ITF និងកីឡាការ៉ាតេដូ៕

You might also like More from author