គោល​បំណង​សំខាន់ៗ នៃ​ការ​បង្កើត​ព្រឹត្តិ​ការណ៍​កីឡា​សិស្ស​ថ្នាក់​ជាតិ លើក​ទី១

(ភ្នំពេញ)៖ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ គ្រោងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១១-១៨ ខែមិថុនាខាងមុខ នៅរាជធានីភ្នំពេញ ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីមកពីរាជធានី-ខេត្តជិត ៣,៤០០នាក់ចូលរួម ហើយត្រូវប្រកួតលើ ១១ប្រភេទកីឡា ស្មើនឹង ៩៥វិញ្ញាសា។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញ។

ជាមួយការបង្កើតព្រឹត្តិការណ៍កីឡាក្របខណ្ឌសិស្សនេះដែរ គឺផ្ដោតលើគោលបំណងសំខាន់ៗមួយចំនួន ដូចជាទី១-អនុវត្តនយោបាយកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា លើរចនាសម្ព័ន្ធប្រកួត ដើម្បីត្រៀម ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ទី២-រៀបចំការប្រកួតឲ្យស្របទៅនឹងរចនាសម្ព័ន្ធការប្រកួតថ្នាក់តំបន់ និងអន្តរជាតិ ដូចជាការប្រកួត កីឡាសិស្សអាស៊ាន កីឡាសាកលវិទ្យាល័យអាស៊ាន និងកីឡាសាកលវិទ្យាល័យពិភពលោក ជាដើម។

ទី៣-ជាដំណាក់កាលបណ្តុះបណ្តាលមន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេស និងចម្រាញ់កីឡាករ-កីឡាការិនីមាន សមត្ថភាព និងទេពកោសលល្អ មកបណ្ដុះបណ្ដាលជំនាញ សម្រាប់ចូលរួមប្រកួតទាំងថ្នាក់ជាតិ និងឆាកអន្ដរ ជាតិ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ទី៤-បំផុសសកម្មភាពអប់រំកាយ និងកីឡាកីឡា តាមគ្រឹះស្ថានសិក្សា និងតាមរាជធានី-ខេត្ត ដែលជួយឲ្យសិស្សានុសិស្ស មានសុខុមាលភាពល្អ កាយសម្បទាមំាមួន មានសាមគ្គីភាព និងចេះការធ្វើការងារជាក្រុម ដើម្បីសម្រេចបាននូវសមិទ្ធផលល្អ ទាំងការសិក្សា និងការប្រកបការងារនាថ្ងៃអនាគត។

លោក ស សុខា បានបញ្ជាក់ថា នេះគឺជាឱកាសដ៏ល្អ ដែលស្ថាប័នជំនាញ ត្រូវធ្វើការវាស់ស្ទង់កម្រិតសមត្ថភាព កីឡាករ-កីឡាការិនី និងសម្លឹងរកអ្នកមានទេពកោសល្យល្អជាមួយកីឡាផ្សេងៗ មកបណ្ដុះបណ្ដាលពួកគេ ឲ្យក្លាយជាកីឡាករ-កីឡាការិនីឆ្នើម សម្រាប់ត្រៀមប្រកួតំណាងឲ្យជាតិ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។ ម្យ៉ាងក៏ជាឱកាសសម្រាប់មន្ដ្រីបច្ចេកទេស ត្រូវរៀនសូត្របន្ថែម អំពីច្បាប់ល្បែងថ្មីៗ ដើម្បីកាត់សេចក្ដីប្រកប ដោយភាពយុត្ដិធម៌ត្រឹមត្រូវជូនដល់កីឡាករ-កីឡាការិនីផងដែរ។

ព្រឹត្តិការណ៍នេះ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ហើយរាល់ការចំណាយ ការស្នាក់នៅ ការហូបចុក និងការធ្វើដំណើរ គឺក្រសួងជាអ្នករាប់រង តួយ៉ាងក្នុងរយៈពេលជិត ១០ថ្ងៃនៃការប្រកួតកីឡាជាតិ លើកទី១ បានត្រៀមសណ្ឋាគារ និងផ្ទះសំណាក់ចំនួន១៣ ស្មើនឹង ៨២៥បន្ទប់ សម្រាប់ទទួលប្រតិភូ និងកីឡាករ-កីឡាកា រិនី រួមទាំងរថយន្ដចំនួន ២៥គ្រឿង ដើម្បីសម្រួលដល់ការធ្វើដំណើរទៅតាមទីលានប្រកួតនីមួយៗទៀតផង។

គួរបញ្ជាក់ថា កីឡាទាំង ១១ប្រភេទ ត្រូវបានក្រសួងអប់រំ កំណត់ឲ្យរៀបចំការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទាត់, បាល់ទះ, បាល់បោះ, ប៉េតង់, វាយកូនឃ្លីលើតុ, វាយសី, តេក្វាន់ដូ WTF, តេក្វាន់ដូ ITF និងកីឡាការ៉ាតេដូ។ រីឯទីលានប្រកួតមាននៅពហុកីឡដ្ឋានជាតិ, ពហុកីឡដ្ឋានជាតិមរតកតេជោ, មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងវិទ្យាល័យចំនួន ៣ផ្សេងទៀត៕

You might also like More from author