Hazard បំពេញ​ការ​ផ្ទេរ​ទៅ Real Madrid ជា​ផ្លូវការ​ក្រោម​កិច្ចសន្យា ៥ឆ្នាំ ក្រោយ​លេង​ឲ្យ Chelsea ៧ឆ្នាំ

(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធ Eden Hazard បានផ្ទេរទៅកាន់ក្លឹបអេស្ប៉ាញ Real Madrid ជាផ្លូវការហើយ ក្រោមកិច្ចសន្យារយៈពេល ៥ឆ្នាំ បន្ទាប់ពីចំណាយពេល ៧ឆ្នាំលេងឲ្យក្លឹបអង់គ្លេស តោខៀវ Chelsea គិតចាប់តាំងពី ឆ្នាំ២០១២ មក។

ការផ្ទេរដ៏មហិមានេះ ត្រូវបានធ្វើឡើងក្រោមតម្លៃខ្លួន ១៥០លានផោន ដែលគ្រោងនឹងបញ្ហាខ្លួនជាផ្លូវការជាមួយ ក្លឹប ស្ថិតនៅទីក្រុង Madrid នៃប្រទេសអេស្ប៉ាញនាថ្ងៃទី១៣ ខែមិថុនាសប្តាហ៍ក្រោយ បន្ទាប់ពីឆ្លងផុតការពិនិត្យ សុខភាព ដ៏ជោគជ័យនាយប់មិញនេះ។

កីឡាករឆ្នើមដែលជួយក្រុមជម្រើសជាតិបិសាចក្រហម ប៊ែលហ្ស៊ិកទទួលបានចំណាត់ថ្នាក់លេខ៣ កាល FIFA World Cup 2018 នៅប្រទេសរុស្ស៊ីនេះ បានបន្សល់ទុកគ្រាប់បាល់ ១១០គ្រាប់ ពីការចូលលេងបាន ៣៥២ប្រកួត នៅទឹកដី Stamford Bridge បន្ទាប់ពីរូបគេបានចាកចេញពីក្លឹបបារាំង Lille កាលឆ្នាំ២០១២ កន្លងទៅជាមួយ នឹងការឈ្នះពាន UEFA Champions League បានម្តង Europa League ២ដង FA Cup ១ដង និងពាន Premier League បាន២ដង។

Eden Hazard បានក្លាយជាកីឡាករទី៣ ដែលត្រូវបានគ្រូបង្វឹក Zinedine Zidane នាំយកទៅចូលរួមជាមួយ Real Madrid បន្ទាប់ពីទិញបានកីឡាករខ្សែប្រយុទ្ធវ័យក្មេង Luka Jovic ពីក្លឹបអាល្លឺម៉ង់ Eintracht Frankfurt ក្នុងតម្លៃ ៥០លានផោន និងខ្សែការពារ Eder Militao ពីក្លឹបព័រទុយហ្គាល់ FC Porto ក្នុងតម្លៃ ៥០លានអឺរ៉ូ៕

You might also like More from author