កីឡា​គុនដាវ​កម្ពុជា បំបែក​កំណត់​ត្រា​ឈ្នះ​មេដាយ​មាស ជើងឯក​សាកល​វិទ្យាល័យ​អាស៊ី លើក​ដំបូង

(ភ្នំពេញ)៖ កីឡាគុនដាវកម្ពុជា បានបំបែកកំណត់ត្រារបស់ខ្លួនបានហើយ បន្ទាប់ពីដណ្ដើមបានមេដាយមាស លើកដំបូង នៅក្នុងការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ី ឆ្នាំ២០១៩ នៅប្រទេស សឹង្ហបុរី កាលពីម្សិលមិញ។

សម្រាប់ការប្រកួតថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍កម្រិតអាស៊ីខាងលើ កាលពីម្សិលមិញ កម្ពុជា បានទទួលបាន មេដាយ ២គ្រឿងបន្ថែម មានមេដាយមាស ១ និងប្រាក់ ១។ ក្នុងនោះមេដាយមាស ឈ្នះលើវិញ្ញាសានារីដាវធំ ជាក្រុម ដោយមាន ៦ក្រុមចូលរួម និងមេដាយប្រាក់ ដណ្ដើមបានលើវិញ្ញាសានារីដាវកាប់ជាក្រុម មាន ៧ក្រុម ចូលរួម។

សរុបលទ្ធផលក្រោយបញ្ចប់បេសកកម្មរយៈពេល ៣ថ្ងៃ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿង រួមមានមេដាយមាស ១, ប្រាក់ ១ និងសំរឹទ្ធ ៤។ ប៉ុន្ដែអ្វីដែលគួរឲ្យមានមោទកភាព គឺកីឡាករ-កីឡាការិនីគុនដាវ កម្ពុជា ដណ្ដើមបានមេដាយមាសលើកដំបូង ដែលជាកំណត់ត្រាថ្មីរបស់សហព័ន្ធ បន្ទាប់ពីបញ្ជូនអត្តពលិក ចូលរួមប្រកួតជើងឯកសាកលវិទ្យាល័យអាស៊ីជាច្រើនលើកកន្លងមក។

គួរបញ្ជាក់ថា ការប្រកួតកីឡាគុនដាវសាកលវិទ្យាល័យអាស៊ី ឆ្នាំ២០១៩ ដែលធ្វើឡើងនៅប្រទេសសឹង្ហបុរី បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែមិថុនា ដោយមានអត្តពលិកមកពី ១៨វិទ្យាស្ថានអប់រំ ស្មើនឹងកីឡាករ-កីឡាការិនី ១៧៣នាក់ចូលរួម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនកីឡាករ ៤រូប និងកីឡាការិនី ៥រូបចូលរួមផងដែរ។

តាមរយៈជោគជ័យលើកនេះ សហព័ន្ធកីឡាគុនដាវកម្ពុជា ក៏រំពឹងថា ក្រសួងអប់រំ យុវជន និងកីឡា និងគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងបញ្ចូលកីឡាគុនដាវ ជាប្រភេទកីឡាមួយ សម្រាប់ដំណើរឆ្ពោះទៅត្រៀមខ្លួន ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅប្រទេសកម្ពុជាទៀតផង៕

You might also like More from author