កម្ពុជា ប៉ះ​ប៉ាគីស្ថាន​យប់​នេះ ដេីម្បី​កាត់​សេចក្តី​កៅអី​ជុំទី២ វគ្គ​ជម្រុះ World Cup 2022

(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបតតាំងជើងទី២ ទល់នឹងក្រុមជម្រើសជាតិប៉ាគីស្ថាន នាម៉ោង ១១យប់នេះ នៅកីឡដ្ឋាន Hamad Bin Khalifa នាទីក្រុងដូហា ប្រទេសកាតា ដើម្បីការពារកៅអីជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា(2022 FIFA World Cup qualification-AFC)។

នេះគឺជាការប្រកួតកាត់សេចក្ដី ក្នុងវគ្គជម្រុះបឋម រវាងក្រុមទាំងពីរ បន្ទាប់ពីប្រកួតជើងទី១ លើទឹកដីកម្ពុជា ក្រុមគោព្រៃកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ២-០ កាលពីថ្ងៃទី០៦ ខែមិថុនាកន្លងទៅ។ ចាំមើល កម្ពុជា អាចការពារកៅអីជុំទី២ បានទេ ខណៈមានគ្រាប់បាល់ចំណេញ ២គ្រាប់ក្នុងដៃ សម្រាប់ធ្វើដើមទុនយប់ នេះ?

លោក Felix Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានរក្សាជំហរដដែល សម្រាប់ការប៉ះប៉ាគីស្ថានយប់នេះ ដោយ លោកផ្ដោតលើភាពរីកចម្រើនរបស់ក្រុមជម្រើសជាតិកម្ពុជា ជាងផ្ដោតលើលទ្ធផលឈ្នះ ឬចាញ់។ ប៉ុន្ដែលោកក៏ រំពឹងថា កូនក្រុមខ្លួន នឹងខិតខំអស់ពីសមត្ថភាព ដើម្បីនាំភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងអ្នកគាំទ្រ កម្ពុជាដូចថ្ងៃមុនដែរ។

គួរបញ្ជាក់ថា ជំនួបជើងទី២ នេះដែរ កម្ពុជាហាក់មានសង្ឃឹមច្រើន ក្នុងការបន្ដដំណើរទៅជុំទី២ ប្រសិនបើ លទ្ធផលស្មើគ្នា ឬក្រុមគោព្រៃកម្ពុជា ភ្លាត់ចាញ់ត្រឹម ១-០ ឬ ២-១ ជាដើម។ ប៉ុន្ដែករណីប៉ាគីស្ថាន អាចវាយបក ឈ្នះ ២-០ វិញ នោះការប្រកួតនឹងឈានដល់ការថែមម៉ោង ឬប៉េណាល់ទី ដើម្បីកាត់សេចក្ដី រកក្រុមឈ្នះ ឡើងជុំទី២ នៃព្រឹត្តិការណ៍ 2022 FIFA World Cup qualification-AFC៕

You might also like More from author