កម្ពុជា បន្ដ​ឈ្នះ​ប៉ាគីស្ថាន ២-១ ឡើង​ជុំទី២ នៃ​វគ្គ​ជម្រុះ FIFA World Cup 2022 (Video Inside)

(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា(FIFA World Cup 2022) ជាផ្លូវការហើយ បន្ទាប់ពីបន្ដយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ នៅទីក្រុងដូហា ប្រទេសកតា នារាត្រីថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

ឆ្លងកាត់ការប្រកួតកាត់សេចក្ដីដ៏តានតឹង ៩០នាទីពេញ ប៉ាគីស្ថាន បាននាំមុខក្រុមរហស្សនាមគោព្រៃកម្ពុជា ១គ្រាប់ តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រ ក្រោយទាត់បាល់ប៉ះដៃខ្សែការពារកម្ពុជា ក្នុងប្រអប់គ្រោះថ្នាក់ ហើយមានការព្យាយាមជួយពីអ្នកចាំទី កែវ សុខសិលា តែមិនបានសម្រេច។ លទ្ធផលនេះ បានរក្សាបណ្ដោះអាសន្នរហូតដល់ចប់តង់ទី១។

លុះចូលតង់ទី២ ក្រោមការដឹកនាំផ្ទាល់របស់អ្នកចាត់ការទូទៅក្រុម លោក Keisuke Honda បានធ្វើឲ្យក្រុមគោព្រៃ កម្ពុជា ផ្លាស់ប្ដូរយុទ្ធសាស្ដ្រថ្មី និងធ្វើបានយ៉ាងល្អ រហូតវាយបកបាន ២គ្រាប់វិញ ដែលធ្វើសម្រេចដោយកីឡាករ សេត រ៉ស៊ីប ក្រោយទទួលបាល់ពី កែវ សុខផេង នៅនាទី៦៣ និងកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី៨៩ ដើម្បីទម្លាក់ក្រុមប្រជុំដោយកីឡាករកូនកាត់ ប៉ាគីស្ថាន ជាមួយជ័យជម្នះ ២-១ តែម្ដង។

សរុបលទ្ធផល ២ជើង ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមប៉ាគីស្ថាន ៤-១ ដ្បិតកាលពីជើងទី១ កម្ពុជា បានយកឈ្នះប៉ាគីស្ថាន ២-០ ក្នុងដីម្ដងរួចមកហើយ។ ដូច្នេះក្រុមគោព្រៃកម្ពុជា ត្រូវឡើងទៅជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកតា ជាថ្មី បន្ទាប់ពីធ្លាប់ទម្លាក់ក្រុមម៉ាកាវ ៤-១ ឡើងជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup 2018 កាលពីឆ្នាំ២០១៥ កន្លងទៅ៕

You might also like More from author