ក្រុម U20 កូរ៉េ​​​ខាងត្បូង ទម្លាក់ U20 អេក្វាទ័រ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ FIFA U-20 World Cup ឆ្នាំ២០១៩ (Video Inside)

(វ៉ាសរ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកូរ៉េខាងត្បូងបានកក់កៅអីឡើងទៅដណ្តើមពាន រង្វាន់ FIFA U-20 World Cup ឆ្នាំ២០១៩ នៅវគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះ U20 អ៊ុយក្រែន បន្ទាប់ពីទម្លាក់គូប្រជែង មកពីតំបន់ អាមេរិកឡាទីន U20 អេក្វាទ័រ ក្នុងលទ្ធផល ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់មិញនេះ។

ការប្រកួតដែលមានប៉ូឡូញធ្វើម្ចាស់ផ្ទះនោះ ក្រុមចេញពីទ្វីបអាស៊ី កូរ៉េខាងត្បូង ទើបតែចាញ់ ១ប្រកួតទេក្រោមថ្វី ជើងរបស់ក្រុម U20 ព័រទុយហ្គាល់ក្នុងវគ្គសន្សំពិន្ទុពូល F ក្នុងចំណោម ២៤ក្រុមដែលលេងក្នុងព្រឹត្តិការណ៍ដែល មានជារៀង រាល់ ២ឆ្នាំម្តងនេះ បន្ទាប់ពីក្រុមនេះ (កូរ៉េ) បានធ្វើម្ចាស់ផ្ទះកាល U-20 World Cup ឆ្នាំ២០១៧ កន្លងទៅ ខណៈជើងឯកបានទៅ U20 អង់គ្លេស។

យ៉ាងណាមិញ ១គ្រាប់ជ័យជម្នះរបស់កូរ៉េខាងត្បូងរកបានដោយកីឡាករ Choi Jun នៅនាទី៣៩ នៃវគ្គទី១ បន្តរហូត ដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅកីឡដ្ឋាន Lublin ដើម្បីឡើងទៅជួប U20 អ៊ុយក្រែន ដែលលេងឈ្នះ U20 អ៊ីតាលី ១-០ ក្នុងវគ្គ ៤ក្រុមនាយប់មិញនេះដូចគ្នា។

ជំនួបវគ្គផ្តាច់ព្រ័ត្ររវាងកូរ៉េខាងត្បូង និងប្រទេសជាប់ប៉ូឡូញ អ៊ុយក្រែន នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩ ចុងសប្តាហ៍នេះតែម្តង ក្រោយពេលអ៊ីតាលី ប៉ះអេក្វាទ័រ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ នឹងធ្វើឡើងនៅរាត្រីថ្ងៃសុក្រ ទី១៤ ខែឆ្នាំដដែល៕

You might also like More from author