ក្រុម​គោព្រៃ​កម្ពុជា នឹង​មក​ដល់​មាតុភូមិ​រសៀលនេះ ក្រោយ​ទម្លាក់​ប៉ាគីស្ថាន​ចេញពី World Cup

(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាននឹងកំពុងធ្វើដំណើរមាតុភូមិនិវត្ដន៍មកស្រុកកំណើតវិញ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ២-១ ក្នុងជើងទី២ សម្រាប់វគ្គជម្រុះបឋមនៃពានរង្វាន់បាល់ទាត់ ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតាកាលពីយប់មិញ នៅទីក្រុងដូហា ប្រទេសកាតា។

ក្រុមគោព្រៃកម្ពុជា បានធ្វើដំណើរចាកចេញពីប្រទេសកាតា កាលពីម៉ោង ១៖៥០នាទីយប់រំលងអាធ្រាត ត្រូវនឹងម៉ោង ៥៖៥០នាទីទៀបភ្លឺម៉ោងនៅកម្ពុជា ហើយគ្រោងនឹងមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នៅម៉ោង ៣៖៤០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។ ហើយតាមគម្រោង ក៏នឹងមានការអញ្ជើញទទួល ស្វាគមន៍ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ទៀតផង។

សូមបញ្ជាក់ថា សរុបលទ្ធផលជួបគ្នា ២ជើង ក្រុមគោព្រៃកម្ពុជា បានយកឈ្នះប៉ាគីស្ថាន ៤-១ ក្នុងនោះឈ្នះ ២-០ ក្នុងដី និងបន្ដឈ្នះ ២-១ ក្រៅដី ដែលនាំឲ្យកម្ពុជាបានបន្ដដំណើរទៅជុំទី២ នៃព្រឹត្ដិការណ៍ 2022 FIFA World Cup សម្រាប់ការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី ហើយក៏ជាកំណត់ត្រាថ្មីមួយដែលកម្ពុជាធ្វើបាន ២លើកជាប់គ្នា ក្នុងការឡើងជុំទី២ ក្រោយខកខានជាង ២០ឆ្នាំកន្លងទៅ ដ្បិតកាលពីឆ្នាំ២០១៥ កម្ពុជាក៏បានទម្លាក់ម៉ាកាវ ៤-១ ទាំងពីរជើង ឡើងជុំទី២ នៃព្រឹត្តិការណ៍ 2018 FIFA World Cup ផងដែរ។

កម្ពុជា ត្រូវរង់ចាំការចាប់ពូលក្នុងជុំទី២ ជាបន្តទៀតដែលនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២ឥ១៩ នៅទីក្រុងដូហា ប្រទេសកាតា ដែលជាម្ចាស់ផ្ទះ FIFA World Cup 2022 តែម្តង៕

You might also like More from author