ក្រុម​នារី​អាមេរិក បំបាក់​នារីថៃ ១៣-០ ក្នុង​ព្រឹត្តិការណ៍ Women World Cup 2019 នៅ​បារាំង

(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអាមេរិក បានលត់ក្រុមនារីថៃទក់សាច់ក្នុងលទ្ធផលបច្ចេកទេស ១៣-០ ក្នុងវគ្គសន្សំពិន្ទុនៃក្នុងពូល F រាត្រីថ្ងៃទី១២ ខែមិថុនា ពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកនារី FIFA Women World Cup 2019 ដែលមាន បារាំងធ្វើម្ចាស់ផ្ទះ។

អតីតម្ចាស់ជើងឯកឆ្នាំ២០១៥ រកបាន ១៣គ្រាប់ពីការធ្វើបានសម្រេចដោយកីឡាការិនី Alex Morgan ៥គ្រាប់ម្នាក់ ឯង និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៣គ្រាប់ផងដែរ ដោយមានការចូលរួមសំណាក់កីឡាការិនី Rose Lavelle និង Samantha Mewis រកបានម្នាក់ ២គ្រាប់ មិត្តរួមក្រុម Lindsey Horan, Megan Rapinoe, Mallory Pugh, Carli Lloyd រកបានម្នាក់ ១គ្រាប់ បំបែកកំណត់ត្រាក្រុមនារីអាល្លឺម៉ង់ ដែលយកឈ្នះក្រុមនារីអាហ្សង់ទីន ១១-០។

តាមរយៈ ៣ពិន្ទុបន្ថែមនេះដែរបានជួយឲ្យនារីអាមេរិក ឈរនៅកំពូលតារាងនៃពូល F ជាបណ្តោះអាសន្ន តាមពីក្រោយដោយនារីស៊ុយអែត ដែលមាន ៣ពិន្ទុស្មើគ្នា បន្ទាប់ពីយកឈ្នះនារីឈីលី ២-០ នៅនាទីចុងម៉ោង នាយប់មិញនេះដែរ៕

You might also like More from author