បារាំង ស្តារ​មុខ​មាត់​បាន​វិញ តាម​រយៈ​បំបាក់​អង់ដូរ៉ា ៤-០ ក្នុង​វគ្គ​ជម្រុះ Euro 2020

(អង់ដូរ៉ា)៖ ក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង បានស្តារកិត្តិយសត្រឡប់មកវិញ ក្រោយចាញ់តួកគី ២-១ កាលពី៣ថ្ងៃមុន តាមរយៈលត់ម្ចាស់ផ្ទះអង់ដូរ៉ា ៤-០ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 ក្នុងវគ្គសន្សំពិន្ទុនៃពូល H។

អ្នកចាត់ការទៅក្រុមបារាំង លោក Didier Deschamps បានបង្ខំចិត្តផ្លាស់ប្តូរកីឡាកររហូតដល់ទៅ ៧នាក់បន្ទាប់ ពីប្រ កួតចាញ់តួកគី ២-០ កាលប្រកួតលើកទី៣ ប្រចាំពូល H ខណៈកីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe រកបាន គ្រាប់បើកឆាកនៅនាទីទី១១ ដែលជាគ្រាប់បាល់ទី១០០ ពីការចូលលេងបាន ១៨០ប្រកួតទាំងក្នុងក្រុម ជម្រើសជាតិ និងក្លឹបអាជីព។

បន្ថែមលើនេះ មិត្តរួមក្រុមដែលកំពុងលេងឲ្យក្លឹប Sevilla នៃប្រទេសអេស្ប៉ាញ Ben Yedder រកបានគ្រាប់ទី២ នៅនាទី៣០ និង Thauvin រកបាន ១គ្រាប់នៅជិតបញ្ចប់ការប្រកួតវគ្គទី១ បង្កើនទំនុកចិត្តក្នុងការទទួលបាន ៣ពិន្ទុក្រៅ ដី មុនពេល Zouma រកបានគ្រាប់ទី៤ ដែលជាគ្រាប់ចុងក្រោយនៅនាទី៦០ ដែលកើតឡើងតែ ១គ្រាប់ប៉ុណ្ណោះក្នុងវគ្គទី២ រយៈពេល ៤៥នាទី។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុមរងជើងឯកកាល Euro 2016 និងម្ចាស់ជើងឯក World Cup 2018 នៅប្រទេស រុស្ស៊ី កើនពិន្ទុបាន ៩ពិន្ទុ ក្នុងចំណោម ៤ប្រកួតសន្សំពិន្ទុនៃពូល H ស្មើគ្នាជាមួយតួកគី ដែលឈរនៅលេខ២ ក្រោយភ្លាត់ស្នៀតចាញ់អ៊ីស្លង់ ២-១ យប់មិញនេះដែរ៕

You might also like More from author