កីឡាករ ឈិន ឈឿន ទៅ​វៀតណាម​ពិនិត្យ​របួស ដើម្បី​កំណត់​មុខ​សញ្ញាឲ្យ​កាន់​តែ​ច្បាស់

(ភ្នំពេញ)៖ កីឡាករកម្ពុជា ឈិន ឈឿន បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមកាលពីព្រឹកថ្ងៃចន្ទ ទី០៩ ខែមិថុនា ដើម្បីពិនិត្យឲ្យច្បាស់ពីស្ថានភាពរបួសដែលបានកើតឡើងតាំងពីលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ចុងឆ្នាំ២០១៨ កន្លងទៅម្ល៉េះ ប៉ុន្តែរូបគេនៅតែត្រាំត្រែងហ្វឹកហាត់ រហូតកាន់តែឈឺចាប់ឡើងៗដល់ពេលនេះ។

កីឡាករដែលមានប្រភពពីខេត្តព្រៃវែងរូបនេះបានពន្យល់ថា «ឈឺតាំពីនៅជម្រើសជាតិ តែជាម្ដងហើយ តែមកលេងៗហាត់ វាឈឺវិញ ចាប់ផ្តើមចូលលីគឆ្នាំហ្នឹង។ ខ្ញុំអត់មានសម្រាកព្យាបាល វាឈឺខ្លាំងទៅៗ។ ដោយសារតែខ្ញុំចង់ជាប់ជម្រើសជាតិ ខ្ញុំអត់ចង់សម្រាកយូរ ចង់លេងដើម្បីជាប់ជម្រើសជាតិ»

ខ្សែបម្រើដែលកំពុងប្រកបអាជីពក្នុងក្លឹបក្រសួងការពារជាតិរូបនេះបានដាក់ការសង្ស័យទៅលើបញ្ហារលាកទងសាច់ដុំ តែយ៉ាងណា មិនទាន់ច្បាស់នៅឡើយទេ។ ហេតុនេះហើយ ទើបគេចង់ពិនិត្យឲ្យច្បាស់លាស់បន្ថែមទៀត ដើម្បីព្យាបាលឲ្យឆាប់ជាសះស្បើយ។ ឈិន ឈឿន បានទៅជួបវេជ្ជបណ្ឌិតនៅព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ម្សិលមិញនេះ។

ម្ចាស់អាវលេខ១៧ ឈិន ឈឿន បានបញ្ជាក់ថា ឲ្យគេពិនិត្យមើល ឲ្យថ្នាំ និងសម្រាក ប្រហែល ១-២សប្តាហ៍ទើប អាចចូលហ្វឹកហាត់វិញ៕

You might also like More from author