ក្រុម​ជម្រើស​ជាតិ ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ ក្រោយ​ដណ្តើម​បាន​កៅអី​ជុំទី២ World Cup នៅ​កាតា (Video Inside)

(ភ្នំពេញ)៖ ប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករនៃក្រុមបាល់ទាត់ជម្រើសជាតិ បានធ្វើដំណើរមកដល់កម្ពុជាវិញ ហើយនា រសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកួតជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2019 សម្រាប់ជុំទី១ ប្រចាំទ្វីបអាស៊ីនៅប្រទេសកាតា នាយប់មិញនេះ។

កម្ពុជា ដែលមានលេខរៀង១៧៣ ក្នុងតារាង FIFA Ranking បានធ្វើដំណើរទៅជុំទី២ ជាបន្តទៀត ក្រោយយក ឈ្នះគូប្រជែងដែលឈរនៅលេខ២០០ ប៉ាគីស្ថាន ក្នុងលទ្ធផល ២-១ នៃជើងទី២ យប់មិញនេះនៅទីក្រុងដូហា ប្រទេសកាតា បន្ថែមលើជ័យជម្នះ ២-០ កាលពីជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។

គួរបញ្ជាក់ផងដែរថា ក្រុមដែលកំពុងដឹកនាំដោយអ្នកចាត់ការទូទៅជនជាតិជប៉ុន Keisuke HONDA និងគ្រូបង្វឹក សញ្ជាតិអាហ្សង់ទីន Felix Dalmas ដោយមានគ្រូជំនួយ ភា សុភត្រ្តា ផងនោះ ត្រូវរង់ចាំការចាប់ពូល (១ពូល មាន ៥ក្រុម) ជាមួយ ៣៩ប្រទេសផ្សេងទៀតនៅក្នុងទ្វីបអាស៊ី (AFC) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុង Doha ប្រទេសកាតា ជាទីដែលរៀបចំព្រឹត្តិការណ៍ FIFA World Cup 2022 ជុំផ្តាច់ព្រ័ត្រ វគ្គ ៣២ក្រុមតែម្តង៕

You might also like More from author