Pogba បង្ហើប​ពីគម្រោង​ចាក​ចេញ​ពី Man Utd អាច​ទៅ Real ឬក៏ Juventus

(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba បានបង្ហើបពីគម្រោងចាកចេញពីទឹកដី Old Trafford នៃក្លឹប បិសាចក្រហម Manchester United នៅអំឡុងរដូវកាលដោះដូរកីឡាករនាខែកក្កដា ឆ្នាំ២០១៩ ដ៏ខ្លីខាងមុខនេះ។

ម្ចាស់ជយលាភីពានរង្វាន់ជើងឯក FIFA World Cup 2018 ជាមួយក្រុមជម្រើសជាតិមាន់គកបារាំងបានថ្លែងប្រាប់ BBC ថា «ខ្ញុំកំពុងគិតអំពីការចាកចេញ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ទីកន្លែងថ្មីទៀត។ សម្រាប់ខ្ញុំ ខ្ញុំគិតថា រយៈពេល ៣ឆ្នាំជាមួយ Man Utd មានទាំងរឿងល្អ និងរឿងអាក្រក់ដូចកីឡាករឯទៀតដែរ»

យ៉ាងណាក៏ដោយ កិច្ចសន្យាចាស់របស់កីឡាករវ័យ ២៦ឆ្នាំ Paul Pogba ជាមួយ Man Utd មានរហូតដល់ ឆ្នាំ២០២១ បន្ទាប់ពីរូបគេទើបតែលេងបាន ៣ឆ្នាំឲ្យបិសាចក្រហមគិតចាប់តាំងពីខែសីហា ឆ្នាំ២០១៦ មក ក្នុងតម្លៃខ្លួនថ្លៃជាងគេ ក្នុងក្លឹបនេះប្រមាណ ៨៩.៣លានផោន ពីក្លឹបជើងឯកអ៊ីតាលី សេះបង្កង់ Juventus ដោយរកបាន ២៤គ្រាប់ ពីការចូលបាន ៨៩ប្រកួត។

កីឡាករដែលស្ថិតក្នុងក្រុមល្អបំផុតប្រចាំរដូវកាលឆ្នាំ២០១៨-២០១៩ នេះ PFA Team of the Year ត្រូវបានផ្សារភ្ជាប់ ក្នុងការផ្ទេរទៅក្លឹបចាស់ Juventus របស់អ៊ីតាលី និងក្លឹបចាយលុយធំ អធិរាជស Real Madrid នៃប្រទេសអេស្ប៉ាញជាដើម៕

You might also like More from author