Platini ត្រូវបាន​ចាប់ខ្លួន​នៅ​បារាំង ជុំវិញ​រឿង​ពុករលួយ កាតា ឈ្នះ​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2022

(ប៉ារីស)៖ អតីតអនុប្រធាន FIFA លោក Michel Platini ត្រូវបានចាប់ឃាត់ខ្លួននៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩ ជុំវិញរឿងអាស្រូវពុករលួយរូបលោកត្រូវបានចោទប្រកាន់ការថាបានជួយជ្រោម ជ្រែងឲ្យប្រទេសកាតាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២។

យោងតាមប្រភពព័ត៌មានពី The Sun របស់អង់គ្លេសបានចេញផ្សាយថា អតីតកីឡាករនិម្មិតរូបរបស់បារាំង វ័យ ៦៣ឆ្នាំ ទទួលបានសំណូកប្រមាណ ១.៦លានដុល្លារពីអតីតប្រធាន FIFA លោក Sepp Blatter នៅក្នុងការបោះឆ្នោតជ្រើស ប្រទេសម្ចាស់ World Cup 2022 ក្នុងកិច្ចប្រជុំនៅប្រទេសអាហ្រ្វិកខាងត្បូង។

បុរសដែលធ្លាប់កាន់តំណែងជាប្រធានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បាន ៨ឆ្នាំផងនោះ ត្រូវបានគេរកឃើញ ថាបានទទួលសំណូក ១.៦លានដុល្លារជាមួយលោក Sepp Blatter ដែលត្រូវបានគណៈកម្មាធិការក្រុមប្រឹក្សា FIFA ដាក់ពិន័យមិនឲ្យធ្វើសកម្មភាពទាំងឡាយណាទាក់ទងនឹងបាល់ទាត់រហូតដល់ឆ្នាំ២០២៣ ទាំងពីរនាក់តែម្តង។

កាលពីឆ្នាំ២០០២ Michel Platini ត្រូវបានតែងតាំងសមាជិកគណៈកម្មាធិការប្រតិបត្តិ ដែលមានតួនាទីស្មើអនុប្រធាន FIFA ដែលមានលោក Sepp Blatter ជនជាតិស្វីសជាប្រធាន និងបានប្រកាសលាឈប់ពីតំណែងនេះកាលឆ្នាំ២០១៣ ក្រោយផ្ទុះរឿងស៊ីសំណូក៕

You might also like More from author