រកឃើញ ២ក្រុម​ចុង​ក្រោយ​ឡើង​ទៅ​បង្រ្គប់​វគ្គ ៨ក្រុម​នៃ​ព្រឹត្តិការណ៍ Africa Cup of Nations 2019 (Video Inside)

(ខាយរ៉ូ)៖ កូឌីវ័រ និងទុយនេស៊ី ជាក្រុមកូនពៅដែលបានឈ្នះកៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ ពានរង្វាន់ជើងឯកប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations ដែលមានប្រទេសអេហ្ស៊ីបធ្វើម្ចាស់ផ្ទះ។

កីឡាករខ្សែប្រយុទ្ធ Wildfried Zaha ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យកូឌីវ័រ នៅនាទី៧៦ ទម្លាក់គូប្រជែងម៉ាលី ក្នុងលទ្ធផលផ្លូវការត្រឹម ១-០ ក្នុងការប្រកួតបញ្ចប់វគ្គ ១៦ក្រុមចុងក្រោយនាយប់មិញនេះនៅកីឡដ្ឋានដែល ស្ថិតក្នុងទីក្រុង Ciro ប្រទេសអេហ្ស៊ីប ដើម្បីឡើងទៅជួបអាល់ហ្សេរី ក្នុងវគ្គ ១/៤ជាបន្តទៀត បន្ទាប់ពីក្រុមមួយនេះ (អាល់ហ្សេរី) បានទម្លាក់ ហ្គីណេប៊ីសា ក្នុងលទ្ធផល ៣-០ ដែរនោះ។

កីឡាករខ្សែប្រយុទ្ធមកពីក្លឹប Crystal Palace ដែលកំពុងត្រូវបានក្លឹបកាំភ្លើងធំ Arsenal តាមទិញក្នុងតម្លៃជាង ៥០លានដុល្លារផងនោះ បានស៊ុតប្រឡោះដៃអ្នកចាំទីម៉ាលី Djigui Diarra ក្រោយទទួលបានពីមិត្តរួមក្រុម Sylvain Gbohouo ពីការលើកបាល់ free-kick ក្នុងនាទី៧៦ នោះ។

ដូចគ្នាយប់មិញនេះដែរ ក្រុមជម្រើសជាតិទុយនេស៊ី ដែលជាសមាជិក World Cup 2018 នៅប្រទេសរុស្ស៊ីក៏បាន ធ្វើការ ទម្លាក់ហ្គាណាចេញពី Africa Cup of Nations 2019 ផងដែរ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤ ក្រោយប្រកួត ពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដងស្មើគ្នា ១-១ ដើម្បីឡើងទៅជួបម៉ាដាហ្គាស្កា ក្នុងវគ្គចាញ់ធ្លាក់ជាបន្តទៀត ផងដែរដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដាចុងសប្តាហ៍នេះ ក្រោយពេលសេណេហ្គាល់ ប៉ះបេនីន និងនីហ្សេរីយ៉ា ជួបអាហ្រ្វិកខាងត្បូង៕

You might also like More from author