ក្រុម U-15 កម្ពុជា ប៉ះ​ចិន ស្អែក​នេះ​ក្នុង​មិត្តភាព​ ចូលរួម​ទស្សនា​ដោយ​សេរី

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ U-15 ចិន នាល្ងាចថ្ងៃទី១១ ខែកក្កដាស្អែកនេះ នៅកីឡដ្ឋាន Smart RSN ខណៈអ្នកគាំទ្រ អាចចូលរួមទស្សនា បានដោយសេរី។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)។

FFC បានជូនដំណឹងថា នេះគឺជាការប្រកួតមិត្តភាព លក្ខណៈដកស្រង់បច្ចេកទេស រវាងក្រុម U-15 កម្ពុជា និង U-15 ចិន ហើយក្រុមទាំងពីរ បានណាត់គ្នាប្រកួតមិត្តភាពចំនួន ២លើក ដោយលើកទី១ ត្រូវប្រកួតនាវេលាម៉ោង ៥ល្ងាចថ្ងៃទី១១ ខែកក្កដាស្អែក ខណៈលើកទី២ ប្រកួតនាថ្ងៃទី១៣ ខែកក្កដា វេលាម៉ោង ៥ល្ងាចដដែល ដោយប្រើកីឡដ្ឋាន Smart RSN តែមួយគត់។

ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ ការប្រកួតនេះ ស្របពេលក្រុម U-15 កម្ពុជា កំពុងប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមចូលរួមប្រកួតជម្រើសជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ AFF U-16 Championship 2019 នៅប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហាខាងមុខ ។ ដូច្នេះនេះក៏ជាឱកាសល្អ សម្រាប់យុវជនកម្ពុជា ធ្វើការពង្រឹងសមត្ថភាព សម្រាប់ការប្រកួតផ្លូវការ នៃពានយុវជនប្រចាំតំបន់អាស៊ាននា ពេលឆាប់ៗខាងមុខផងដែរ។

សូមបញ្ជាក់ថា ចំពោះបេសកកម្មចូលរួមប្រកួតពានរង្វាន់ AFF U-16 Championship 2019 ក្រុមយុវជនកម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុមម្ចាស់ផ្ទះថៃ ម៉ាឡេស៊ី ឡាវ អូស្រ្ដាលី និងប្រ៊ុយណេ៕

You might also like More from author