គណៈ​កម្មាធិការ​ប្រតិបត្តិ NOCC ឯកភាព​យក​សហព័ន្ធ​បាល់ទាត់​ជា​គំរូ សម្រាប់​កីឡា​ដទៃ

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) ឯកភាពយកជាសហព័ន្ធគំរូ សម្រាប់សហព័ន្ធកីឡាដទៃទៀត ដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅ សម្រេចគោលដៅស៊ីហ្គេម ឆ្នាំ២០២៣។ នេះបើយោងតាមការបញ្ជាក់ក្នុងកិច្ច ប្រជុំប្រចាំត្រីមាសទី២ របស់គណៈកម្មាធិការប្រតិបត្តិ NOCC ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC កាលពីថ្ងៃទី០៩ ខែកក្កដា។

លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ហើយ NOCC ក៏ជាអ្នកទទួលខុសត្រូវ និងផ្តល់មតិយោបល់សំខាន់ៗ ជាសេនាធិការដល់គណៈកម្មាធិការជាតិរៀបចំ SEA Games ឆ្នាំ ២០២៣ ក្នុងការសម្រេចលើផែនការយុទ្ធសាស្រ្តឆ្ពោះទៅរកជោគជ័យក្នុងការរៀប ចំព្រឹត្តិការណ៍ កីឡាអន្តរជាតិដ៏ធំនេះ។ ដូចនេះ NOCC ត្រូវត្រួតពិនិត្យគ្រប់ប្រសិទ្ធភាពការងារកីឡា ត្រូវកែលម្អចំណុចខ្វះខាត មួយចំនួន ក្នុងការហាត់ហ្វឹកហ្វឺន ផលប៉ះពាល់ដល់កីឡាករ ការគ្រប់គ្រងដឹកនាំសហព័ន្ធកីឡាជាតិជាដើម។

លោកនាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានទី១ NOCC និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ចំពោះកីឡាបាល់ទាត់ បាននឹងកំពុងខំប្រឹងស្របតាមបមហិច្ឆតាចង់បាន គឺការឈានឲ្យដល់ វគ្គផ្តាច់ព្រត្រ័នៅ SEA Games 2023។ បច្ចុប្បន្នសហព័ន្ធបានរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍគ្រប់រាជធានីខេត្ត ខណៈផែនការធ្វើទីលានបាល់ទាត់បាន ២២ខេត្តរួចហើយ ។ លោកសង្កត់ធ្ងន់ថា «កត្តាសំខាន់ មិនត្រូវធ្វើលំៗទេ ត្រូវមានផែនការយុទ្ធសាស្រ្តច្បាស់លាស់ ពិសេសកត្តាមនុស្ស សំខាន់ជាងគេ ក្នុងការសម្រេចបានជោគជ័យ ឬបរាជ័យ អាស្រ័យដោយឆន្ទៈមនុស្ស»។

តាមរយៈការប្ដេជ្ញាចិត្ដរបស់ប្រមុខថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់ អមជាមួយការមើលឃើញនូវទិដ្ឋភាព ជាក់ស្ដែង ចំពោះភាពរីកចម្រើនរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានាពេលបច្ចុប្បន្ន អង្គប្រជុំខាងលើ បានសម្រេចឯកសារភាពយកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើជាសហព័ន្ធគំរូ សម្រាប់សហព័ន្ធកីឡាជាតិ ផ្សេងៗអនុវត្តន៍តាម ពិសេសគឺការមានមហិច្ឆតា និងទិសដៅច្បាស់លាស់ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះតែម្ដង។

ទន្ទឹមជាមួយគ្នា កិច្ចប្រជុំក៏បានធ្វើការដោះស្រាយបញ្ហាសហព័ន្ធកីឡាវ៉ូស៊ូ និងកីឡាវាយកូនឃ្លីលើតុ បន្ទាប់ពីត្រូវព្យួរសមាជិកភាព និងរងបណ្ដឹង ដោយពិនិត្យលើមូលដ្នានច្បាប់កីឡា លក្ខន្តិកៈ បទប្បញាតិកីឡាអន្តរជាតិឲ្យបានរួចរាល់ ពិសេសប្រើយន្តការផ្ទៃក្នុងដោះស្រាយជាមុន។ ហេតុនេះ NOCC នឹងអនុញ្ញាតឲ្យសហព័ន្ធកីឡាវាយកូនឃ្លីលើតុ រៀបចំមហាសន្និបាតវិសាមញ្ញមួយនាពេលឆាប់ៗ តាមការស្មើ ដើម្បីដោះស្រាយ ហើយ NOCC នឹងសហការជាមួយអគ្គនាយកដ្ឋានកីឡា ដើម្បីពន្លឿនការដោះស្រាយកីឡាវ៉ូស៊ូផងដែរ។

ចុងក្រោយលោកបណ្ឌិត ថោង ខុន បានធ្វើការជំរុញអង្គប្រជុំ ត្រូវយកចិត្តទុកដាក់ បង្កើនការហ្វឹកហាត់ និងរក្សាចំនួនមេដាយ ព្រមជាមួយចំណាត់ថ្នាក់ប្រទេសទី៨ ឲ្យបានក្នុងចំណោម ១១ប្រទេសចូលរួម ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ ហើយនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ NOCC ក៏នឹងមានរៀបចំដំណើរទស្សនៈកិច្ច ត្រួតពិនិត្យការដ្ឋានសាងសង់ និងការដំឡើងគ្រោងបង្គំចុងក្រោយ នៃកីឡដ្ឋានធំ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង៕

You might also like More from author