គ្រូបង្វឹក​បឹង​កេត​ថា វឌ្ឍនាកា មាន​ភាព​រីក​ចម្រើន​ទ្វេដង​ជាង​ឆ្នាំ​មុនៗ ដោយ​រក​បាន​គ្រាប់​បាល់​ជា​បន្ត​បន្ទាប់

(ភ្នំពេញ)៖ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេតបានលើកឡើងថា កីឡាករខ្សែប្រយុទ្ធពាក់លេខ១១ ចាន់ វឌ្ឍនាកា ឆ្នាំនេះមានភាពរីកចម្រើនប្រសើរឡើងច្រើនលើសពីឆ្នាំមុនៗលើភាពចាស់ទុំរបស់គេទាំង នៅលើទីលាន និងក្រៅទីលានជាមួយនឹងការរកបានគ្រាប់បាល់ជាបន្តបន្ទាប់ គ្រប់ការបង្ហាញខ្លួននាពេលថ្មីៗ នេះ។

តារាជើងស៊ុតជំនាញជើងឆ្វេងរូបនេះបានចូលលេងឱ្យបឹងកេត ២ប្រកួត ដោយរកបានដល់ទៅ ៥គ្រាប់ និងបញ្ជូន ១គ្រាប់ទាំងជើងទី១ និងជើងទី២ ក្នុងព្រឹត្តិការណ៍ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គ ១៦ក្រុម។ ការត្រឡប់មកវិញរបស់ វឌ្ឍនាកា លើកនេះ ត្រូវបានលោក ហៅ សុជាតិ មើលឃើញថា កាន់តែល្អជាងឆ្នាំមុន ទៅទៀត ទាំងចិត្តគំនិត និងការប្រឹងប្រែង។

ចាន់ វឌ្ឍនាកា ដែលជាកីឡាករមានប្រភពមកពីខេត្តកំពតរូបនេះបានត្រឡប់មកចូលរួមជាមួយក្លឹបចាស់ បឹងកេត វិញក្នុងជុំទី២ នៃលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៩ ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំ ក្រោយចែកផ្លូវពីក្លឹបក្នុង លីគកំពូលម៉ាឡេស៊ី PKNS FC។

លោក ហៅ សុជាតិ បានសង្កត់ធ្ងន់ថា «ការបង្ហាញខ្លួនលើកដំបូងរបស់គាត់ក្នុងលីគឆ្នាំនេះទល់នឹងក្រោន ខ្ញុំយល់ថា គាត់ធ្វើបានល្អហើយ ព្រោះគាត់រកបាន ២គ្រាប់ និងបញ្ជូនបាល់ ១គ្រាប់ទៀត ក្នុងខណៈទើបតែ លេងបាន ៨០%នៃចំណុចកំពូលរបស់គាត់ប៉ុណ្ណោះ។ នៅម៉ាឡេស៊ី គេហាត់ និងលេងពេលយប់។ ឯនៅកម្ពុជា ភាគច្រើនហាត់ និងលេងពេលថ្ងៃ ដូច្នេះខ្ញុំគិតថា គាត់មិនទាន់សម្របបានពេញលេញនៅឡើយ ព្រោះគាត់ទើបតែមកវិញថ្មីៗ»

You might also like More from author