ក្រុម Avatar ប៉ះ Bayon ដណ្ដើម​ពាន​តូច KW Cambodia Cup ថ្ងៃ​អាទិត្យ​នេះ

(ភ្នំពេញ)៖ ពានរង្វាន់បាល់ទាត់ពាក់កណ្ដាលអាជីពដ៏ចាស់វស្សាជាងគេនៅកម្ពុជា Keller Williams Cambodia League 2019 នឹងបញ្ចប់ការប្រកួតរដូវកាលទី៨ នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ គ្រាដែលក្រុម Avatar នឹងត្រូវជួបក្រុម Bayon Wanderers ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងយកពានតូច ឬពាន KW Cambodia Cup នៅទីលាន KMH Park។

គួរដឹងថា កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Avatar បានយកឈ្នះក្រុម Khmer United-A ក្នុងលទ្ធផល ៣-២ ខណៈ Bayon Wanderers បានយកឈ្នះក្រុម Riel PP ៤-១។ ប៉ុន្ដែយ៉ាងណាក្រុមទាំងពីរធ្លាប់បានជួបគ្នាម្ដង រួចមកហើយ កាលពីក្នុងវគ្គសន្សំពិន្ទុ ដោយលទ្ធផល Avatar បានយកឈ្នះ Bayon ៣-១។ ដូច្នេះចាំមើលចុង សប្ដាហ៍នេះ តើ Avatar អាចរក្សាភាពខ្លាំង ដើម្បីលើកពាន KW Cambodia Cup ដែរឬទេ?

សូមរំឭកថា ពានពាក់កណ្ដាលអាជីពនេះ ផ្ដួចផ្ដើមបង្កើតឡើងដោយលោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន Khmer Real Estate តាំងពីឆ្នាំ២០១២ មកម្ល៉េះ។ សម្រាប់ឆ្នាំ ២០១៩ គឺមាន ១៦ក្រុមចូលរួម និងប្រើរូបមន្ដប្រកួតលក្ខណៈលីគ ១ជើង ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ក្លាយជាជើងឯកពានធំ ឬពាន KW Cambodia League ដែលបានទៅក្រុម ISI United ក្រោយឆ្លងកាត់ ១៥ប្រកួត ឈ្នះ១៤ និងស្មើ១ មាន ៤៣ពិន្ទុ ក្លាយជាម្ចាស់ពាន។

ដោយឡែកក្រុមឈរលេខ២ ដល់លេខ៥ ត្រូវបានចាប់ឆ្នោតជួបគ្នា ដើម្បីប្រកួតដណ្ដើមពានតូច KW Cambodia Cup ខណៈបច្ចុប្បន្នសល់ក្រុម Avatar និង Bayon Wanderers ដែលត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃអាទិត្យនេះ។ ចំពោះពិធីប្រគល់រង្វាន់ជយលាភី ទាំងពានធំ និងពានតូច នឹងត្រូវឡើងរួមគ្នានៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ តែម្ដង៕

You might also like More from author