ក្លឹប​ជប៉ុន Kashima Antlers ប្រកាស​ថា ខ្សែប្រយុទ្ធ​វ័យក្មេង Hiroki បាន​ផ្ទេរ​ទៅ Barcelona B

(តូក្យូ)៖ ក្លឹបបាល់ទាត់ជប៉ុន Kashima Antlers បានប្រកាសថា កីឡាករខ្សែប្រយុទ្ធ Hiroki Abe ត្រូវបានព្រម ព្រៀងផ្លាស់ទៅក្លឹបអេស្ប៉ាញ FC Barcelona ក្នុងតម្លៃប្រមាណ ២លានអឺរ៉ូ ស្មើនឹង ២.២៥លានដុល្លារជាមួយ នឹងកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយក្លឹបខាងលើនាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៩។

កីឡាករវ័យ ២០ឆ្នាំ Hiroki បានក្លាយជាកីឡាករអាជីពក្នុងក្របខណ្ឌលីគកំពូលជប៉ុន J-League ជាមួយ Kashima Antlers ផ្ទាល់តែម្តងក្នុងអំឡុងឆ្នាំ២០១៧។ ក្នុងរយៈពេល ៣រដូវកាលមកនេះ កីឡាករវ័យក្មេង Hiroki Abe បានជួយ Kashima Antlers ឈ្នះពានរង្វាន់ AFC Champions League ក្នុងឆ្នាំ២០១៨។

ថ្មីៗនេះ Hiroki មានការចាប់អារម្មណ៍ខ្លាំងពីក្លឹបនៅតំបន់អឺរ៉ុប បន្ទាប់ពីរូបគេបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Copa America ឆ្នាំ២០១៩ ជាមួយក្រុមសាម៉ូរៃខៀវជប៉ុននៅទឹកដីប្រេស៊ីល ជាមួយនឹងការបង្ហាញខ្លួនក្នុងក្លឹប Kashima Antlers បាន ៦៤ប្រកួត និងរកបាន ៩គ្រាប់ផងដែរ។ Hiroki Abe បានក្លាយជាកីឡាករវ័យក្មេងរបស់ជប៉ុនទី២ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Takefusa Kubo បានចូលរួមជាក្លឹបយក្ស Real Madrid កាលខែមុន៕

You might also like More from author