De Ligt មក​​ដល់​ទីក្រុង Turin ដើម្បី​ចូល​រួម​ជា​មួយ Juventus ក្នុង​តម្លៃ​ខ្លួន ៨៤លាន​ដុល្លារ

(ក្រុងតូរីន)៖ កីឡាករខ្សែការពារ Matthijs de Ligt បានធ្វើដំណើរមកដល់ទីក្រុង Turin ប្រទេសអ៊ីតាលីជាផ្លូវការ ហើយ ដើម្បីចុះកិច្ចសន្យាថ្មីលេងឲ្យក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃខ្លួនប្រមាណ ៦៧.៥លានផោន ស្មើនឹង ៨៤លានដុល្លារ សហរដ្ឋអាមេរិក ក្រោយផ្ទេរចេញពីក្លឹបស្រុកកំណើត Ajax។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ខ្សែការពារសញ្ជាតិហូឡង់ ដែលមានវ័យត្រឹមតែ ១៩ឆ្នាំ De Ligt បានធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួនមកចុះចតនៅព្រលានដែលស្ថិតក្នុងទីក្រុងតូរីន ជាទីនៃក្លឹបជើងឯកអ៊ីតាលី Serie A តាំងនៅ ក្រោយពីច្រានចោលសំណើរបស់ក្លឹបយក្ស Manchester United, FC Barcelona និង Paris Saint-Germain រួចមក។

ក្រោយចុះពីលើយន្តហោះភ្លាម De Ligt បានថ្លែងថា «ខ្ញុំរីករាយ ក្នុងការរស់នៅទីនេះ»។

Matthijs de Ligt ជាយុវជនថ្នាលក្នុងក្លឹប Ajax តាំងពីរូបគេទើបមានអាយុត្រឹម ៩ឆ្នាំប៉ុណ្ណោះ និងត្រូវបានកោះ ហៅចូល ឈុតធំក្នុងឆ្នាំ២០១៦ រហូតចូលលេងបាន ៧៧ប្រកួត និងស៊ុតបញ្ចូលទីបាន ៨គ្រាប់ផងដែរ ជាពិសេសរកបានគ្រាប់ ជ័យជម្នះ ២-១ ទៅលើ Juventus ក្នុងការនាំ Ajax ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League កាលពីរដូវកាលមុនផងដែរ។

De Ligt ក៏ជាសមាជិកសំខាន់ ១រូបដែលបានជួយឲ្យ Ajax ឈ្នះពាន២ នារដូវកាលមុនផងដែររួមមានលីគកំពូល ហូឡង់ Eredivisie និង Dutch Cup ថែមទៀតផងជាមួយដៃគូ De Jong ដែលបានចាកចេញទៅចូលរួមជាមួយ FC Barcelona ផងនោះ៕

You might also like More from author