អត្តពលិក​កម្ពុជា ចេញ​ទៅ​ប្រកួត ASEAN School Games នៅ​ឥណ្ដូនេស៊ី អមគោល​ដៅ​ថ្មី

(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកីឡាសិស្សកម្ពុជា ៥ប្រភេទកីឡា ស្មើនឹង ៥៦នាក់ បានធ្វើដំណើរទៅប្រទេស ឥណ្ដូនេស៊ីហើយនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីចូលរួមប្រកួតកីឡាសិស្សជ្រើសរើសជើងឯក អាស៊ាន ASEAN School Games លើកទី១១ ឆ្នាំ២០១៩ នៅទីនោះ។

បេសកកម្មនេះដឹកនាំផ្ទាល់ដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា។ ប៉ុន្ដែមុនចេញដំណើរលោកក៏បានជួបសំណេះសំណាល លើកទឹកចិត្ត អមជាមួយការបង្ហាញនូវគោលដៅថ្មីមួយ សម្រាប់កីឡាករ-កីឡាការិនីអនុវត្ត ក្រោយបញ្ចប់ការប្រកួត នៅឥណ្ឌូនេស៊ីផងដែរ។

លោក ស សុខា បានបញ្ជាក់កាលពីថ្មីៗថា បេសកកម្មនេះមានសារៈសំខាន់ណាស់ក្នុងនាមតំណាងជាតិ ដែលទាមទារឲ្យកីឡាករ-កីឡាការិនី ត្រូវខិតខំប្រឹង ដើម្បីប្រជែងមេដាយជូនជាតិ។ ប៉ុន្ដែករណីមិនអាចសម្រេច បំណងឈ្នះមេដាយ លោកបានក្រើនរំលឹកដល់កីឡាករ-កីឡាការិនី ដាច់ខាតត្រូវសិក្សាស្វែងយល់ពីចំណុច ខ្សោយរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យបានខ្លាំង និងសម្រេចគោលដៅនាថ្ងៃអនាគត។

គួរដឹងថា ព្រឹត្តិការណ៍ ASEAN School Games លើកទី១១ ឆ្នាំ២០១៩ នឹងចាប់ផ្ដើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែកក្កដាខាងមុខ ក្នុងនោះកម្ពុជាបានបញ្ជូនអត្តពលិក ៥ប្រភេទកីឡាទៅចូលរួមដូចជាកីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយកូនបាល់ សរុបប្រតិភូ និងកីឡាករ-កីឡាការិនីមានចំនួន ៥៦នាក់។ នេះគឺជាលើកទី៤ ហើយ ដែលកម្ពុជាបានចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ប្រចាំតំបន់នេះ៕

You might also like More from author