នីហ្សេរីយ៉ា ដណ្តើម​បាន​លេខ​៣ នៅ Africa Cup ក្រោយ​ឈ្នះ​ទុយ​នេស៊ី​ទាំង​ប្រផិត​ប្រផើយ (Video Inside)

(ខាយរ៉ូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ា ដណ្តើមបានមេដាយសំរឹទ្ធពីការជាប់ចំណាត់ថ្នាក់លេខ៣ នៅព្រឹត្តិការណ៍ Africa Cup of Nations 2019 ក្រោយយកឈ្នះគូប្រជែងទុយនេស៊ី ត្រឹម ១-០ នាយប់មិញនេះនៅ កីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប។

១គ្រាប់ជ័យជម្នះរបស់នីហ្សេរីយ៉ា កើតឡើងនៅនាទីទី៣ នៅដើមវគ្គទី១ ពីការធ្វើបានសម្រេចដោយកីឡាករ Ighalo ដើម្បីទទួលបានមេដាយសំរឹទ្ធក្នុងយុទ្ធនាការដែលមានរយៈពេល ២ឆ្នាំម្តងនេះ ក្នុងនាមជាក្រុមដែលធ្លាក់ ក្រោមថ្វីជើងរបស់អាល់ហ្សេរី ក្នុងលទ្ធផល ២-១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នេះក៏ជាលើកទី៨ផងដែរ ដែលនីហ្សេរីយ៉ា ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រៅពីធ្លាប់ឈ្នះពាន Africa Cup of Nations បានចំនួន ៣ដងដែរនោះ គ្រាដែលទុយនេស៊ីទើបតែឈ្នះពាននេះម្តងប៉ុណ្ណោះកាលឆ្នាំ២០០៤ កន្លងទៅ។

យ៉ាងណាក៏ដោយ ក្រុមមិនស្គាល់ពាន Africa Cup of Nations សេណេហ្គាល់ ត្រូវប៉ះក្រុមដែលឈ្នះពាននេះ កាលឆ្នាំ១៩៩០ អាល់ហ្សេរី នៅនារាត្រីថ្ងៃសុក្រស្អែកនេះក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពាន Africa Cup of Nations 2019 ដែលនឹងធ្វើឡើងនៅកីឡដ្ឋានស្ថិតក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីបតែម្តង៕

You might also like More from author